ជនសង្ស័យ ០២នាក់ ត្រូវ អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលា!

23

នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ សមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០២នាក់ ដែលជាចោរលួចម៉ូតូ ទៅតុលាការ។

ជនសង្ស័យ ឈ្មោះ ចាន់ សុខលី ភេទប្រុស អាយុ ២២ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ធ្វើការបង្ក្រាប និងឃាត់ខ្លួនបាន កាលពីវេលាម៉ោង២៣:១០នាទី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ នៅចំណុចភោជនីយ៍ដ្ឋាន COW BAY RESTAURANT ផ្លូវ៥១ កែងផ្លូវ២៤២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ បន្ទាប់ពីជនសង្ស័យខាងលើ បានធ្វើសកម្មភាពលួចម៉ូតូ ០១គ្រឿង ម៉ាក និច ពណ៍ស ស្លាកលេខ ភ្នំពេញ 1FW-7198 របស់ជនរងគ្រោះឈ្មោះ រស់ ភារិទ្ធ ខណៈដែលជនរងគ្រោះបានចតម៉ូតូទុកមុខហាង ហើយចូលទៅខាងក្នុង ដើម្បីរៀបចំបិទហាង ក៏ត្រូវបានជនសង្ស័យ ខាងលើ លួចយកម៉ូតូ តែម្តង។ លុះរហូតដល់ម៉ោង១០:០០នាទី ថ្ងៃដដែល សមត្ថកិច្ចអាវុធហត្ថខណ្ឌដូនពេញ ក៏បានឃាត់ខ្លួនបានជនសង្ស័យ ០១នាក់ ទៀត ឈ្មោះ ច័ន្ទ បញ្ញា ហៅ អូន ភេទប្រុស អាយុ ២១ឆ្នាំ ដែលជាបក្សពួកតែមួយ។

ក្រោយពេលឃាត់ខ្លួនបាន ជនសង្ស័យ ខាងលើ បានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា មុខកើតហេតុ រូបខ្លួនបានដើរទៅកន្លែងលក់បង្អែមមួយកន្លែង នៅមុខសាកលវិទ្យាល័យ ករុកោសល្យ ក្បែរវិមានឯករាជ្យ លុះពេលដើរដល់មុខភោជនីយ៍ដ្ឋាន COW BAY RESTAURANT ក៏ឃើញម៉ូតូ ០១គ្រឿង ម៉ាក ស៊ុយស៊ុយគី និច ពណ៍ស ស្លាកលេខ ភ្នំពេញ 1FW-7198 ចតទុកមុខហាង ដោយពុំមានម្ចាស់ ឃើញឳកាសល្អ រូបខ្លួនក៏បានដើរទៅជិតម៉ូតូ ក្នុងគោលបំណងលួច ដោយម៉ូតូ មិនបានចាក់សោរ ក ផងនោះ រូបគេក៏បាន ធ្វើសកម្មភាពលួច ដោយអូសម៉ូតូរត់ ពេលនោះត្រូវប្រជាពលរដ្ឋឃើញ សកម្មភាពរបស់ពួកគេ ស្រែកឆោរឡោ ស្របពេលកម្លាំងអាវុធហត្ថល្បាត ឃើញក៏បានធ្វើការ ឃាត់ខ្លួនជនសង្ស័យតែម្តង។