ចោរលួចកាច់ ក ម៉ូតូ ០១នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបាន!

17

នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង០៩:០០នាទី កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក បានបង្ក្រាប និងឃាត់ខ្លួន ជនសង្ស័យ ០១នាក់ ដែលជា ចោរលួចកាច់ ក ម៉ូតូ។ ជនសង្ស័យមានឈ្មោះ ហេង ចាន់ទី ភេទប្រុស អាយុ ១៦ឆ្នាំ រួម និងបក្សពួក ០១នាក់ទៀត ដែលរត់គេចខ្លួនបាត់ បានធ្វើសកម្មភាពលួចកាច់ ក ម៉ូតូ ០១គ្រឿង ម៉ាក ហុងដា សេ ១២៥ ពណ៍ខ្មៅ ស៊េរី ឆ្នាំ២០១៦ ស្លាក់លេខ ភ្នំពេញ 1GD-5445 ជារបស់ជនរងគ្រោះឈ្មោះ ស្រេង សុខលី ភេទប្រុស អាយុ ២៤ឆ្នាំ នៅចំណុចផ្ទះលេខ១ ផ្លូវ៣២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមចម្លើយសារភាពរបស់ជនសង្ស័យ ខាងលើ បានប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា កាលពីវេលាម៉ោង០៨:០០នាទី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ រូបខ្លួន និងឈ្មោះ ឡុង បានចេញពីហាង អ៊ិនធើណែត សាយប័(ចំណុចផ្ទះលេខ2F ផ្លូវ១៣៤២ សង្កាត់វាលវង់ ខណ្ឌ៧មករា) ដោយរូបគេទាំង ០២នាក់ បានជិះម៉ូតូឌុប ក្នុងគោលបំណងដើម្បីដើររកលួចម៉ូតូ លុះពេលជិះដល់មុខផ្ទះជនរងគ្រោះ ក៏ឃើញម៉ូតូ ០១គ្រឿង ម៉ាក ហុងដា សេ ១២៥ ពណ៍ខ្មៅ ស៊េរី ឆ្នាំ២០១៦ ស្លាក់លេខ ភ្នំពេញ 1GD-5445 ឃើញឳកាសល្អ ពួកគេទាំង ០២នាក់ ក៏ចុះពីលើម៉ូតូឌុប បន្ទាប់មកពួកគេក៏បានធ្វើសកម្មភាព។ ភ្លាមនោះឈ្មោះ ឡុង បានផ្លោះរបងចូលផ្ទះជនរងគ្រោះ ចំណែក ឈ្មោះ ហេង ចាន់ទី ជាអ្នកចាំមើលផ្លូវ លុះប្រហែល ១០នាទី ឈ្មោះ ឡុង លួចម៉ូតូបាន ០១គ្រឿង ភិនភាគ ដូចខាងលើ ចេញមកក្រៅ ហើយពួកគេបានជិះឌុបគ្នាគេចខ្លួន ដោយបំណងយកទៅលាក់ទុក នៅហាងអ៊ិនធើណែត សាយប័ តែពេលជិះដល់ក្តាន់ពីក្បែរក្រសួងការពារជាតិ ពួកគេបានដោះស្លាកលេខម៉ូតូនោះចោល ដោយឈ្មោះ ឡុង បានប្រាប់ឲ្យឈ្មោះ ហេង ចាន់ទី ចាំនៅហាងអ៊ិនធើណែត ចំណែកឈ្មោះ ឡុង បានត្រលប់ទៅផ្ទះវិញ។ មួយសន្ទុះក្រោយមក ស្រាប់តែមានកម្លាំងអាវុធហត្ថចុះមកឃាត់រូបខ្លួន ព្រមទាំងដកហូតបានម៉ូតូរបស់ជនរងគ្រោះ ដែលពួកគេលួចមកវិញផងដែរ។
ចំណែកម៉ូតូ ដែលសមត្ថកិច្ចអាវុធហត្ថខណ្ឌទួលគោក ដកហូតបានពីជនល្មើស បានប្រគល់ជូនឲ្យជនរងគ្រោះវិញ។ ចំណែកបក្សពួកដែលរត់គេចខ្លួនបាត់ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវស្វែករកចាប់ខ្លួនបន្ត។បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ កំពុងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។