កាលពីម្សិលមិញថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង០១ថ្ងៃត្រង់ មានករណីប្លន់ទូរស័ព្ទសេរីខ្ពស់០៧គ្រឿង ពីហាង លឹម ហាវ នៅផ្សារនាគមាស សង្កាត់ផ្សារដើមគរ ខណ្ឌទូលគោក រាជធានីភ្នំពេញ លុះដល់យប់ឡើងម៉ោង១១យប់ថ្ងៃដដែល កម្លាំងជំនាញការិយាល័យ ស្រាវជ្រាវបទល្មើសទ្រហ្មទណ្ឌអាវុធហត្ថរាជធានីភ្នំពេញបានសហការជាមួយ កម្លាំងអាវុធហត្ថ ខណ្ឌឬស្សីកែវ ធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាន និងឈានដល់ការហ៊ុំព័ទ្ធទាំងយប់តាំងពីម៉ោង១១ នៅបន្ទប់លេខ១២ ក្រុម៤ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រហូតដល់ព្រលឹមម៉ោង០៦:៣០នាទី ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ ពេលដែលកម្លាំងអាវុធហត្ថរាជធានីភ្នំពេញត្រៀមចូលទៅចាប់នោះ ស្រាប់តែលឺសំឡេងផូង ពេលកម្លាំងអាវុធហត្ថសម្រុកចូលទៅឃើញជនសង្ស័យរូបនោះ បានបាញ់ខ្លួនឯងស្លាប់បាត់ទៅហើយ។ បញ្ជាក់ដែរថាជនសង្ស័យដែលបានបាញ់សម្លាប់ខ្លួនឯងនេះ គឺជាមុខសញ្ញាដែលធ្លាប់បានប្លន់ទូរស័ព្ទដូចគ្នា នៅហាងលក់ទូរស័ព្ទអាម៉ាហ្សូន ក្បែរផ្សារទួលគោក កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ម៉ោង១២:៣០នាទី ថ្ងៃត្រង់ម្តងហើយផងដែរ។