ចោរឆក់ ទូរស័ព្ទដៃ ជនបរទេស ០១នាក់ ត្រូវជាប់ខ្នោះ អាវុធហត្ថរាជធានីភ្នំពេញ!

12

កាលពីវេលាម៉ោង១៥:៣០នាទី ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ០១នាក់ ជាចោរឆក់(ឆក់ទូរស័ព្ទដៃ) ក្នុងចំណោមបក្សពួក ០១នាក់ ទៀតដែលរត់គេចខ្លូន។ ជនសង្ស័យដែលជាចោរឆក់ មានឈ្មោះ កង ពៅ ភេទប្រុស អាយុ ៣៣ឆ្នាំ ត្រូវបានសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួនបាន នៅចំណុចស្តុបថ្មី មុខព្រលានយន្តហោះពោធិ៍ចិនតុង ភូមិក្បាលដំរី សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីជនសង្ស័យ ខាងលើ និងបក្សពួកដែលរត់គេចខ្លូន បានធ្វើសកម្មភាព ឆក់ ទូរស័ព្ទ របស់ជនរងគ្រោះ ឈ្មោះ Zheng Xiu Mei ភេទស្រី អាយុ ៥៥ឆ្នាំ ជាជនជាតិ ចិន។

ដំបូងឡើយ ជនរងគ្រោះ ឈ្មោះ Zheng Xiu Mei បានដើរចេញពីព្រលានយន្តហោះ និងបានឆ្លងទៅផ្លូវម្ខាងទៀត ក្នុងគោលបំណងចាំរថយន្តដើម្បីធ្វើដំណើរទៅ ខេត្តព្រះសីហនុ បន្តទៀត ដោយដើរបណ្តើរ និយាយទូរស័ព្ទបណ្តើរ ស្របពេលដែលជនរងគ្រោះកំពុងតែដើរនិយាយទូរស័ព្ទ ស្រាប់តែមានជនសង្ស័យ ០២នាក់ ជិះម៉ូតូ ០១គ្រឿង ម៉ាក ហុងដាសេ ១២៥ ពណ៍ខ្មៅ មិនចាំស្លាកលេខ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះតែម្តង តែជាសំណាងអាក្រក់ របស់ចោរ ឆក់ ទាំង ០២នាក់ នេះ ត្រូវបានកម្លាំងល្បាតអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ឃើញ ក៏ប្រដេញតាមបង្ក្រាប បាន ០១នាក់ ភ្លាមៗ ចំណែកបក្សពួក ០១នាក់ទៀត បានជិះម៉ូតូរត់គេចខ្លួនបាត់ តែម្តង។

ក្រោយពេលឃាត់ខ្លួនបាន ជនសង្ស័យ ខាងលើ បានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា មុនពេលធ្វើសកម្មភាពខ្លួនកំពុងដេកក្នុងបន្ទប់ជួលម្នាក់ឯង ស្រាប់តែពេលនោះ ឈ្មោះ ថា ដែលជាមិត្តភក្តិរបស់ខ្លួនបានជិះម៉ូតូ ០១គ្រឿង ម៉ាក ហុងដាសេ ១២៥ ពណ៍ខ្មៅ មិនចាំស្លាកលេខ មកឌុបរូបខ្លួន ក្នុងគោលបំណងដើររកឆក់សម្ភារៈពីអ្នកដំណើរ លុះពេលជិះមកដល់មុខព្រលានយន្តហោះពោធិ៍ចិនតុង ក៏ឃើញស្រ្តីជាជនរងគ្រោះកំពុងដើរកាន់ទូរស័ព្ទនិយាយ ឃើញឳកាសល្អពួកគេទាំង ០២នាក់ បានជិះម៉ូតូទៅក្បែរជនរងគ្រោះ ហើយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះតែម្តង ស្របពេលដែលកម្លាំងអាវុធហត្ថល្បាតឃើញ សកម្មភាពរបស់ពួកគេ ក៏ប្រដេញតាមភ្លាមៗរហូតឈានដល់ការឃាត់ខ្លួនបាន ០១នាក់ ចំណែកកប្សពួក ០១នាក់ ទៀត បានរត់គេចខ្លួនបាត់។

ជនសង្ស័យ ខាងលើ បានបន្តបា្រប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងទៀតថា បក្សពួកខ្លួនឈ្មោះ ថា ភេទប្រុស អាយុ ប្រហែល ២៧ឆ្នាំ រូបគេទាំង ០២នាក់ ទើប និងស្គាល់គ្នាបានប្រហែល ០៣ខែ ប៉ុណ្ណោះ។

ចំណែកទូរស័ព្ទដៃ ដែលដកហូតបានពីជនសង្ស័យ ខាងលើ ត្រូវបានសមត្ថកិច្ចអាវុធហត្ថ ប្រគល់ជូនជនរងគ្រោះ ជាម្ចាស់ដើមវិញ។

បច្ចប្បន្ន ជនសង្ស័យ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យបង្កា្របបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បផ្តន្ទាទោសតាមនិតិវិធីច្បាប់ រីឯបក្សពួកដែលរត់គេចខ្លួន សមត្ថកិច្ចជំនាញអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការស្រាវជ្រាវ ស្វែងរកចាប់ខ្លួនបន្ត។