ចោរឆក់១៣នាក់ហើយ ក្នុងសប្តាហ៍នេះ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់!

166

សកម្មភាពចោរឆក់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ តែងតែបង្ករការភ័យខ្លាច ដល់អ្នកដំណើរទាំងខ្មែរនិងបរទេស ស្ទើរគ្រប់គ្នា ដែលធ្វើដំណើរលើដងផ្លូវ ហើយសកម្មភាពឆក់របស់ពួកចោរទាំងនោះ មិនត្រឹមតែធ្វើឲ្យបាត់បង់ទ្រព្យសម្បត្តិ ជាទីស្រឡាញ់និង មានតម្លៃរបស់ជនរងគ្រោះប៉ុណ្ណោះទេ វាថែមទាំងបង្កឲ្យមានសោកនាដកម្មដល់ជនរងគ្រោះ មានទាំងស្លាប់ ទាំងរបួស និង ពិកា គួរឲ្យអាណិតអាសូរបំផុត។

ក្នុងរយៈពេល១សប្តាហ៍នេះ យើងសង្កេតឃើញថាសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានបង្ក្រាបចោរឆក់ ០៣ក្រុម មានចំនួន១៣នាក់ផ្ទួនៗគ្នា ដោយក្នុងនោះមាន៨នាក់ជាកំពូលចោរឆក់មិនញញើតដៃរហូតដល់រាប់ភ្លេច ទើបតែត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧។

តែដោយឡែកនៅព្រឹកនិងរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ សមត្ថកិច្ចជំនាញ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូន ចោរឆក់២ក្រុម ចំនួន០៥នាក់ផ្សេងទៀត ទៅកាន់សាលាដំបូងរាជធានី ដើម្បីឲ្យព្រះរាជអាជ្ញា ធ្វើការចោទប្រកាន់ និងផ្តន្ទាទោសតាមច្បាប់។

ក្រុមចោរឆក់ទី១ដែលអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបបាន មានគ្នា២នាក់ គឺឈ្មោះ លី អ៊ីវឡុង ភេទប្រុស អាយុ១៦ឆ្នាំ ស្រុកកំណើតនៅរាជធានីភ្នំពេញ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ស្ថិតនៅផ្លូវលេខ៣៧០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ និង ឈ្មោះ ជា បញ្ញា ភេទប្រុស អាយុ១៥ឆ្នាំ ស្រុកកំណើត នៅខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅ ភូមិដកពោធិ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ កាលពីវេលម៉ោងប្រមាណ០០ និង១៥នាទី យប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ ជនសង្ស័យទាំង២នាក់បានធ្វើ សកម្មភាពឆក់កាបូបពីជនរងគ្រោះម្នាក់ឈ្មោះ សែម រីហ្គោ ដែលកំពុងជិះម៉ូតូឌុប នៅចំណុចផ្លូវ ព្រះសីហនុ មុខក្រុមហ៊ុន Mobitel បន្ទាប់មកជនរងគ្រោះបានស្រែកឆោឡោ លឺដល់កម្លាំងអាវុធហត្ថខណ្ឌដូនពេញ ជួយអន្តរាគមន៍ដេញប្រផាប់ចាប់ប្រភីងពីក្រោយជនសង្ស័យ រហូតឃាត់ខ្លួនបាននៅចំណុច ផ្លូវ២៤០កែងផ្លូវ១៩។ ដោយអនុវត្ត វិធានការជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ ឈ្មោះ លី អ៊ីវឡុង បានសារភាពថា កន្លងមករូបគេធ្លាប់ធ្វើសកម្មភាពឆក់បាន ចំនួន ០៣ដងរួចមកហើយ រីឯឈ្មោះ ជា បញ្ញា ទើបតែមកលេងភ្នំពេញប៉ុណ្ណោះដោយអស់លុយចាយ រូបគេក៏បបួលចេញរកលុយ ដោយជិះម៉ូតូ រកមើលឱកាស ឆក់កាបូបឬទូរស័ព្ទ ពីអ្នកដំណើរតាមដងផ្លូវតែម្តង។

ក្រុមចោរឆក់មួយក្រុមទៀត មានគ្នា០៣នាក់ គឺឈ្មោះ លាង ដារិទ្ធ ហៅ កាក់ ភេទប្រុស អាយុ១៩ឆ្នាំ ស្រុកកំណើតភ្នំពេញ បច្ចុប្បន្ន រស់នៅផ្ទះជួល ភូមិបឹងឈូក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ, ឈ្មោះ លី ស៊ីឆាយ ភេទប្រុស អាយុ១៧ឆ្នាំ ស្រុកកំណើតខេត្តព្រៃវែង បច្ចុប្បន្នរស់នៅផ្ទះជួល សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និង ឈ្មោះ ជាម ខ្លា ភេទប្រុស អាយុ១៦ឆ្នាំ ស្រុកកំណើតភ្នំពេញ បច្ចុប្បន្នរស់នៅភូមិបឹងឈូក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ កាលពីយប់ម៉ោង០០និង១០នាទី ឈានចូលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ជនសង្ស័យទាំង០៣នាក់នេះ បានធ្វើសកម្មភាពឆក់កាបូបពីសង្សារមួយគូរដែល បានទុកកាបូបយួរនៅក្រោយខ្នងក្បែរខ្លួន ក្នុងពេលកំពុងអង្គុយញ៉ាំអាហារ នៅភោជនីយដ្ឋាន ភែតឌីរ៉ាយស៍ ស្ថិតនៅផ្លូវ១៣៦ កែងផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ តែដោយជនរងគ្រោះបានស្រែកឆោឡោ ធ្វើឲ្យភ្ញាក់ផ្អើលដល់កម្លាំង ល្បាតរបស់កងរាជអាវុធហត្ថខណ្ឌដូនពេញ ជួយអន្តរាគមន៍ ដេញប្រផាប់ចាប់ប្រភីង រហូតបង្ក្រាបនិងឃាត់ខ្លួនជនស្ស័យបាន នៅចំណុចផ្លូវ១១៨ កែងផ្លូវជាតិលេខ៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមរយៈការបង្ក្រាបក្រុមចោរឆក់ទាំង០៣ក្រុម ចំនួន១៣នាក់ ផ្ទួនៗគ្នា របស់អាវុធហត្ថរាជធានីភ្នំពេញ ក្នុងសប្តាហ៍នេះ ពិតជាធ្វើឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ និងអបអរសាទរត្រេកអរជាអនេក ។