ចេញពីព្រៃ ស មិនបាន ១ឆ្នាំផង ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅវិញ បានសម្រេច!

17

នៅម៉ោង០៨:០០នាទីព្រឹក ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ សមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០១នាក់ ទៅតុលាការ ពាក់ព័ន្ធករណី លួចកាច់ ក ម៉ូតូ។ ជនសង្ស័យដែលជាចោរលួចកាច់ ក ម៉ូតូ មានឈ្មោះ ថុល មករា ហៅមិ សមុទ្រ ភេទប្រុស អាយុ ៣០ឆ្នាំ បានធ្វើសកម្មភាពលួចកាច់ ក ម៉ូតូម៉ាក SUZUKI NEX ពណ៍ស ស៊េរីឆ្នាំ២០១៤ ស្លាកលេខ ភ្នំពេញ 1GA-9921 របស់ឈ្មោះ ម៉ន សូផានី ភេទស្រី អាយុ ៤៩ឆ្នាំ (ត្រូវជាម្តាយរបស់ជនរងគ្រោះ ឈ្មោះ ចាន់ មុនីវុឌ្ឍ) កាលពីវេលាម៉ោង១០:២២នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុច ហាងមីនីម៉ាត ស្មាយ ផ្លូវលេខ១៨៤ កែង ៥១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់ពីធ្វើសកម្មភាពលួចកាច់ ក ម៉ូតូ បានសម្រេចមិនទាន់បានជិះផង ក៏ត្រូវប្រជាពលរដ្ឋឃើញ ស្រែកឆោរឡោ ស្របពេលកម្លាំងអាវុធហត្ថខណ្ឌដូនពេញ កំពុងល្បាត ឃើញសកម្មភាព បានអន្តរាគមន៍បង្ក្រាបបានភ្លាមៗផងដែរ។

ក្រោយពីបង្ក្រាបបាន ជនសង្ស័យខាងលើបានសារភាពប្រាប់សមត្ថកិច្ច អាវុធហត្ថរាជធានីភ្នំពេញ ឲ្យដឹងថា នៅថ្ងៃកើតហេតុ រូបខ្លួនបានជិះម៉ូតូ ០១គ្រឿង ម៉ាក SCOOPY ពណ៍ស ស្លាកលេខ ភ្នំពេញ 1CL-6008 ជាម៉ូតូរបស់ខ្លួន ក្នុងគោលបំណងជិះទៅផឹកកាហ្វេនៅវត្តភ្នំ តែជិះមិនទាន់ដល់ផង ក៏ឃើញម៉ូតូ ០១គ្រឿង ម៉ាក SUZUKI NEX ពណ៍ស ជារបស់ជនរងគ្រោះខាងលើ ចតទុកខាងមុខម៉ាត ស្មាយ ដោយឃើញឳកាសល្អ រូបខ្លូន ក៏បានយកម៉ូតូ របស់ខ្លួនទៅផ្ញើរនៅមុខសាលាបារាំង(អាលីយ៉ង់) បន្ទាប់មករូបគេក៏ចាប់ផ្តើមធ្វើសកម្មភាព លួចកាច់ ក ម៉ូតូ របស់ជនរងគ្រោះខាងលើតែម្តង។ ពេលធ្វើសកម្មភាពកាច់ ក ម៉ូតូបានសម្រេចហើយ មិនទាន់បានជិះផង ក៏ត្រូវជាប់ខ្នោះ កម្លាំងល្បាតអាវុធហត្ថខណ្ឌដូនពេញ ភ្លាមៗផងដែរ។

ជនសង្ស័យខាងលើ បានប្រាប់សមត្ថកិច្ចអាវុធឲ្យដឹងទៀតថា កន្លងមកក្នុងអំឡុងឆ្នាំ២០១៦ រូបខ្លួនធ្លាប់ជាប់ពន្ធនាគារយៈពេល ០៦ខែ ម្តងរួចមកហើយ ពីបទលួចកាច់ ក ម៉ូតូ ហើយអំឡុងពេលនៅក្នុងពន្ធនាគារ រូបគេបានប្តូរឈ្មោះទៅជា មិ សមុទ្រ វិញ។ លុះពេលចេញពីពន្ធនាគារមកវិញ ក្នុងអំឡុង ខែឧសភា ឆ្នាំ២០១៦ រូបខ្លួនបានធ្វើសកម្មភាពលួចកាច់ ក ម៉ូតូ ០១គ្រឿង បានសម្រេច នៅចំណុច ស្តាម៉ាតជាប់របងសាលស៊ីសុវត្ថិ។

ចំណែកម៉ូតូ ម៉ាក SUZUKI NEX ពណ៍ស ស៊េរីឆ្នាំ២០១៤ ស្លាកលេខ ភ្នំពេញ 1GA-9921 ដែលសមត្ថកិច្ច អាវុធហត្ថរាជធានីភ្នំពេញ ដកហូតបាន ត្រូវប្រគល់ជូនម្ចាស់ដើមវិញ។