កាលពីយប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងជំនាញមូលដ្ឋាន អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានទទួលព័ត៌មានតាមរយៈប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍២៤ម៉ោងលេខ ១២៩១ របស់អាវុធហត្ថរាជធានីភ្នំពេញ ថាមានករណីអំពើហិង្សាដោយចេតនា បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ កើតឡើង នៅចំណុច ភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ភ្លាមៗនោះ កម្លាំងជំនាញអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានចុះទៅដល់កន្លែងកើតហេតុដើម្បីទទួលពាក្យបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះ និងធ្វើការស្រាវជ្រាវតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោស។ រហូតមកដល់ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ០១និង១០នាទី រសៀល កម្លាំងជំនាញអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ នៅចំណុច ភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ យកមកសាកសួរ។
ជនសង្ស័យទាំង០៣នាក់ មានឈ្មោះ ៖ ១-ឈ្មោះ កែវ ឌីម៉ង ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ ដឹកបន្លែ ទីលំនៅបច្ចុប្បន្ន ភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។២-ឈ្មោះ សរ សីឡា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ លក់នំកាឆាយ ទីលំនៅបច្ចុប្បន្ន ភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។៣-ឈ្មោះ សុវណ្ណ ប្រាក់ ហៅ ខ្មៅ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មកររោងចក្រ ទីលំនៅបច្ចុប្បន្ន ភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។
ក្រោយពេលស្តាប់ចម្លើយជនសង្ស័យទាំង០៣នាក់ បានសារភាពឲ្យដឹងដូចគ្នាថា កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល២១ និង៣០នាទី ពួកខ្លួនពិតជាបានប្រើអំពើហិង្សាទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួស ពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ ខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕