រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០១នាក់ មានឈ្មោះ ទិត ផេង ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន Metfone ទៅកាន់តុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត លួចកិបកេងប្រាក់របស់ក្រុមហ៊ុន។ ជនសង្ស័យ ខាងលើ ត្រូវបានសមត្ថកិច្ចអាវុធហត្ថធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ១៤:៥០នាទី នៅចំណុច ក្រុមហ៊ុន Metfone ខណ្ឌ៧មករា រាជធានីភ្នំពេញ បន្ទាប់ពីសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានទទួលពាក្យបណ្តឹងក្រុមហ៊ុន និងចុះស្រាវជ្រាវរកឃើញថា បុគ្គលខាងលើបានកិបកេងប្រាក់របស់ក្រុមហ៊ុន អស់ចំនួន ៤,២៦១ ដុល្លាអាមេរិក យកទៅចាយវាយជាប្រយោជន៍ផ្ទាល់ខ្លួន ដោយពុំបាន ទៅទូទាត់ឲ្យក្រុមហ៊ុនវិញ ។
ក្រោយពេលប្រមែប្រមូលភស្តុតាង សាក្សី និង ធ្វើការសាកសួរ តាមវិធានការជំនាញ សមត្ថកិច្ចបានស្រាវជ្រាវឃើញបន្ថែម ទៀតថា កន្លងមកក្នុងអំឡុងពេលធ្វើការ ជនសង្ស័យបានដើរប្រមូលប្រាក់ថ្លៃសេវាអ៊ីនធើណែត ពីអថិជន តែងតែកិបកេងប្រាក់របស់ក្រុមហ៊ុនជាញឹកញាប់ អស់ចំនួន ១,១៥៥ ដុល្លា ហើយត្រូវបានក្រុមហ៊ុនតាមដានឃើញ ក៏ទុកឱកាសឲ្យធ្វើកិច្ចសន្យា សងជាបណ្តើរៗ រហូតនៅសល់ទឹកប្រាក់ចំនួន ៣៤៩ដុល្លា រូបគេ ក៏បានលួចកិបកេងប្រាក់ពីក្រុមហ៊ុន អស់ចំនួន ៤,២៦១ដុល្លាអាមេរិកទៀត ក៏ត្រូវបានសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួន និងកសាងសុំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់តែម្តង៕