រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរលួចទូរស័ព្ទ ០១នាក់ទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់។
១/ ឈ្មោះ ឃុត ពេជ្រ ភេទប្រុស អាយុ ៣៥ឆ្នាំ
រូបគេ ខាងលើ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនបានកាលពីថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង១៣:០០នាទី នៅចំណុច តូបលក់កាបូប និងខ្សែក្រវ៉ាត់ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បន្ទាប់ពីរូបគេបានធ្វើសកម្មភាពលួចទូរស័ព្ទដៃ ០១គ្រឿងម៉ាក HUAWEI របស់ឈ្មោះ ប៉ាល់ សុភី ភេទប្រុស ជាជនរងគ្រោះ។
ក្រោយពេលឃាត់ខ្លួនបាន រូបគេ បានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា នៅថ្ងៃកើតហេតុ រូបខ្លួនបានដើរទៅរកទិញចំណីហូប លុះពេលដើរដល់តូបលក់កាបូប និងខ្សែក្រវ៉ាត់មួយកន្លែង ឃើញទូរស័ព្ទដៃ ០១គ្រឿងម៉ាក HUAWEI ទុកនៅលើតុ ហើយម្ចាស់ដេកលក់ រូបគេក៏ដើរចូលទៅក្នុងតូប លួចយកទូរស័ព្ទនោះ តែត្រូវម្ចាស់តូបភ្ញាក់ទាន់ បានស្រែកចោរៗ រូបខ្លួនបានរត់គេចខ្លួនបានចម្ងាយ ៣០០ម៉ែត្រ ក៏ត្រូវប្រជាពលរដ្ឋហ៊ុំព័ន្ធ រូបគេបានរើសដំបងប្រវែងប្រហែល២ម៉ែត្រ យកមកគំរាមប្រជាពលរដ្ឋកុំឲ្យចូលចាប់រូបខ្លួន ភ្លាមនោះស្រាប់តែមានកម្លាំងអាវុធហត្ថខណ្ឌមានជ័យ ដែលល្បាតឃើញបានចូលមកឃាត់រូបខ្លួនតែម្តង។
រូបគេបន្ថែមទៀតថា កន្លងមករូបខ្លួនរើសអេតចាយយកទៅលក់បានប្រាក់ រូបខ្លួនបានយកទៅទិញថ្នាំញៀននៅម្តុំអាគារ៤២ជាន់ និងម្តុំផ្លូវរ៉ារថភ្លើង យកមកប្រើប្រាស់ជាប្រចាំផងដែរ៕