រាជធានីភ្នំពេញ ៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរលួច ០១នាក់ ទៅតុលាការ ដើម្បធ្វើការផ្តនាទោស។ រូបគេជាជនសង្ស័យ មានឈ្មោះ យ៉ែម ស៊ីណេត ភេទប្រុស អាយុ ៣៣ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌឬស្សីកែវ ស្រាវជ្រាវតាមវិធានការជំនាញ រហូតឃាត់ខ្លួនបានកាលពីវេលាម៉ោង១២:២០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ នៅចំណុច ផ្លូវបេតុង ភូមិខ១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បន្ទាប់ពីរូបគេ បានធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះឈ្មោះ គឹម លីនដា ភេទស្រី អាយុ ៤៤ឆ្នាំ នៅចំណុច ផ្ទះលេខ៤A ភូមិបឹងឈូក សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលមានសម្ភារៈបាត់បង់មួយចំនួន ដូចជា ទូរស័ព្ទដៃ ០២គ្រឿង ម៉ាកអាយហ្វូន ,កុំព្យូទ័រលេបថប ០១គ្រឿង ពណ៍ខ្មៅ ,ហាតឌីស ០១ និងកាមេរ៉ាថតរូប ០១គ្រឿងម៉ាក កាណុង ពណ៍ខ្មៅ។
ក្រោមវិធានការជំនាញនៃការសាកសួរ របស់សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យ ខាងលើ បានសារភាពឲ្យដឹងថា រូបគេពិតជាបានលួចយកសម្ភារៈរបស់ជនរងគ្រោះ ពិតប្រាកដមែន។ រូបគេបានបញ្ជាក់បន្ថែមទៀតថា កាលពីវេលាម៉ោង០៣:០០នាទី ទៀបភ្លឺ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ រូបគេបានលួចចូលផ្ទះមួយកន្លែង នៅចំណុច ផ្ទះលេខ៤A ភូមិបឹងឈូក សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ តាមសំយាបផ្ទះ ខាងមុខ ចូលបន្ទប់ជាន់ឡៅតឿ បន្ទាប់មករូបគេបានលួចយកសម្ភារៈមួយចំនួនដូចជា ទូរស័ព្ទដៃ ០២គ្រឿង ម៉ាកអាយហ្វូន ,កុំព្យូទ័រលេបថប ០១គ្រឿង ពណ៍ខ្មៅ ,ហាតឌីស ០១ និងកាមេរ៉ាថតរូប ០១គ្រឿងម៉ាក កាណុង ពណ៍ខ្មៅ រួមនិងសម្ភារៈផ្សេងៗទៀត។ បន្ទាប់មករូបគេលួចយកសម្ភារៈទាំងនោះបានយកទៅលក់និងបញ្ចាំ ដើម្បីទិញថ្នាំញៀនជក់ ដោយគ្រឿងញៀនយកមកជក់នោះ គឺទិញពីឈ្មោះ តូ ភេទប្រុស អាយុប្រហែល ៣៣ឆ្នាំ នៅកំពង់ដរគីឡូម៉ែតលេខ៧។ លុះដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១២:៤០នាទី រូបគេបានជិះម៉ូតូ ០១គ្រឿងម៉ាក ស្មាសរីវ៉ូ ពណ៍ខ្មៅ ស្លាកលេខ ភ្នំពេញ 1AA-4922 ក្នុងគោលបំណងទៅទិញគ្រឿងញៀន នៅម្តុំស្រះចិញ្ចឹមត្រី ខាងក្រោយផ្សារច្រាំងចំរេះ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ ពេលទៅដល់ក៏ត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួនតែម្តង។ រូបគេបានបន្តទៀតថា កាលពីអំឡុងឆ្នាំ២០១៧ ធ្លាប់ជាប់ពន្ធនាគារព្រៃស រយៈពេល ០៦ខែ ម្តងរួចមកហើយ ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ហើយរូបគេតែងតែប្រើប្រាស់គ្រឿងញៀន ជាប្រចាំផងដែរ៕