អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរឆក់ និងចោរលួចគាស់ផ្ទះ ០៤នាក់ ទៅតុលាការ!

5

ភ្នំពេញ ៖ នៅរសៀលម៉ោង១៤:០០នាទី ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរឆក់វ័យក្មេង ០២នាក់ និងចោរលួចគាស់ផ្ទះប្រជាពលរដ្ឋ ០២នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បផ្តន្ទាទោសតាមច្បាប់។ ពួកចោរទាំង ០៤នាក់នេះ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ និងខណ្ឌពោធិ៍សែនជ័យ ធ្វើការបង្ក្រាប និងឃាត់ខ្លួនបានក្នុងថ្ងៃតែមួយ ជាក់ស្តែង៖

កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១៤:០០នាទី មានករណីឆក់ ០១លើក បង្កឡើងដោយជនសង្ស័យ ០២នាក់មាន៖ ១/ ឈ្មោះ វឿន សុខា ភេទប្រុស អាយុ ១៦ឆ្នាំ ,២/ ឈ្មោះ ជឿន រស្មី ហៅម៉ី ភេទប្រុស អាយុ ១៦ឆ្នាំ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ០១គ្រឿងម៉ាក Oppo A83 ពណ៍ទឹកមាស ជារបស់ជនរងគ្រោះឈ្មោះ សឿន ចិន្តា ភេទស្រី អាយុ ២៩ឆ្នាំ ដែលកំពុងធ្វើដំណើរ តាមបណ្តោយផ្លូវ១៥១ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយបានដាក់ទូរស័ព្ទរបស់ខ្លួនក្នុងថតម៉ូតូខាងឆ្វេង លុះពេលជិះដល់ចំណុចក្បែរគល់ស្ពាន ឡុង ឈិន ស្រាប់តែមានយុវជន ០២នាក់ ជាជនសង្ស័យ បានជិះម៉ូតូ ០១គ្រឿងម៉ាក ស្មាសវី ពណ៍ខ្មៅ ស្លាកលេខ ភ្នំពេញ 1CJ-2273 ជិះតាមទៅក្បែរម៉ូតូជនរងគ្រោះ ហើយបានធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់ជនរងគ្រោះបានសម្រេច តែពេលនោះជនរងគ្រោះបានស្រែកឆោរឡោ លឺដល់សមត្ថកិច្ចអាវុធហត្ថខណ្ឌព្រែកព្នៅ ដែលកំពុងល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួន បានប្រដេញស្ទាក់រហូតដល់ចំណុចគល់ស្ពាន ឡុង ឈិន ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ទើបធ្វើការឃាត់ខ្លួនបានជនសង្ស័យទាំង ០២នាក់នេះ តែម្តង។

តាមការសាកសួរ ក្រោមវិធានការជំនាញ របស់សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ពួកគេទាំង ០២នាក់ បានសារភាពឲ្យដឹងថា ពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ម៉ាក Oppo A83 ពណ៍ទឹកមាស របស់ជនរងគ្រោះឈ្មោះ សឿន ចិន្តា ភេទស្រី ពិតប្រាកដមែន។ រូបគេទាំង ០២នាក់ បានបន្តទៀតថា ខ្លួនឈ្មោះ វឿន សុខា និងឈ្មោះ ជឿន រស្មី ហៅម៉ី បានជិះម៉ូតូ ០១គ្រឿងម៉ាក ស្មាសវី ពណ៍ខ្មៅ ស្លាកលេខ ភ្នំពេញ 1CJ-2273 តាមបណ្តោយផ្លូវ១៥១ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្នុងគោលបំណងស្វែងរកឆក់របស់មានតម្លៃពីអ្នកដំណើរលើដងផ្លូវ លុះពេលជិះដល់ចំណុច ផ្លូវបត់លើផ្លូវបេតុង ឡុង ឈិន ពួកខ្លួនក៏ឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯងម៉ាក Click ដោយមានដាក់ទូរស័ព្ទដៃក្នុងថតម៉ូតូខាងឆ្វេង ភ្លាមនោះពួកខ្លួនបានជិះម៉ូតូទៅក្បែរម៉ូតូរបស់ជនរងគ្រោះ ហើយបានធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់ជនរងគ្រោះតែម្តង ភ្លាមនោះជនរងគ្រោះបានស្រែកឆោរឡោ លឺដល់សមត្ថកិច្ចអាវុធហត្ថដែលកំពុងល្បាតឃើញសកម្មភាពរបស់ពួកខ្លួន បានប្រដេញស្ទាក់ឃាត់ពួកខ្លួនបានតែម្តង នៅចំណុចគល់ស្ពានឡុង ឈិន ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

រីឯករណីលួចគាស់ផ្ទះប្រជាពលរដ្ឋ កើតឡើង កាលពីវេលាម៉ោង១៥:០០នាទី ក្នុងថ្ងៃតែមួយដូចករណីឆក់ខាងលើដែរ នៅចំណុចផ្ទះលេខ១៣៥C ភូមិក្បាលដំរី សង្កាត់កាកាប២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យ ០២នាក់មាន៖ ១/ ឈ្មោះ យង់ ចិត្រា ភេទប្រុស អាយុ ២៩ឆ្នាំ ,២/ ឈ្មោះ យឺន រ៉ាដូ ភេទប្រុស អាយុ ២៦ឆ្នាំ ដែលបានធ្វើសកម្មភាពលួចគាស់ផ្ទះរបស់ប្រជាពលរដ្ឋ ០១នាក់មានឈ្មោះ ជៃ ពិសិដ្ឋ ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរជាបុគ្គលិក ធនាគារ ប្រៃសណីស៍ និងបានលួចយកទ្រព្យសម្បត្តិមួយចំនួនមាន៖ ការបូបតូច០៤ ,ប្រាក់ដុល្លា ៤១៨ដុល្លាអាមេរិក និងប្រាក់រៀល ៥៦,៤៤០០រៀល ,អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០១ ,ប័ណ្ណបើកបរ ០១,កាតATMធនាគារអេស៊ីលីដា ០១។ ក្រោយពេលធ្វើសកម្មភាពលួចរួច ពួកគេទាំង ០២នាក់ បានជិះម៉ូតូ ០១គ្រឿង ម៉ាក Let ពណ៍សលាយក្រហម ស្លាកលេខ ភ្នំពេញ 1GR-6750 បំរុងរត់គេចខ្លួន តែត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះឃើញ បានស្រែកឆោរឡោលឺដល់សមត្ថកិច្ចអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ដែលកំពុងល្បាតតាមភូមិសាស្រ្តរបស់ខ្លួនឃើញ បានប្រដេញតាមភ្លាមៗ រហូតដល់ជនសង្ស័យទាំង ០២នាក់នេះ មិនអាចគេចទៅណារួច ក៏ធ្វើការឃាត់ខ្លួនបានតែម្តង។ ចំណែកឯសម្ភារៈដែលពួកគេលួចបាន ត្រូវសមត្ថកិច្ចអាវុធហត្ថប្រគល់ជូនម្ចាស់ដើមវិញទាំងអស់។

តាមការសាកសួររបស់សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ពួកគេទាំង ០២នាក់ បានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យថា នៅថ្ងៃកើតហេតុ រូបគេទាំង ០២នាក់ ខាងលើ បានជិះម៉ូតូ ០១គ្រឿង ម៉ាក Let ពណ៍សលាយក្រហម ស្លាកលេខ ភ្នំពេញ 1GR-6750 ដើររកមើលផ្ទះរបស់ប្រជាពលរដ្ឋដែលគ្មានមនុស្សនៅ ដើម្បីលួចគាស់យកទ្រព្យសម្បត្តិមានតម្លៃ លុះពេលជិះដល់ចំណុចភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក៏ឃើញផ្ទះរបស់ជនរងគ្រោះខាងលើ ចាក់សោរគ្មានអ្នកនៅ ដោយឃើញឳកាសល្អ ពួកគេទាំង ០២នាក់ បានធ្វើសកម្មភាពលួចឆ្កឹះសោរទ្វារផ្ទះនោះ ហើយបានចូលលួចយកទ្រព្យសម្បត្តិមួយចំនួនដូចការរៀបរាប់ខាងលើ។ ក្រោយពេលធ្វើសកម្មភាពលួចរួច ពួកគេទាំង ០២នាក់ បានជិះម៉ូតូរត់គេចខ្លួន តែត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះ ឃើញស្រែកឆោរឡោ លឺដល់សមត្ថកិច្ចអាវុធហត្ថបានប្រដេញពួកគេ រហូតដល់មុខព្រលានយន្តហោះពោធិ៍ចិនតុង ផ្លូវសហព័ន្ធរុស្សី ហើយបានឃាត់ពួកគេទាំង ០២នាក់ តែម្តង។ ឈ្មោះ យង់ ចិត្រា បានបញ្ជាក់បន្ថែមថា កន្លងមករូបខ្លួនធ្លាប់ធ្វើសកម្មភាពលួចគាស់ផ្ទះមួយកន្លែង នៅចំណុចភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយធ្លាប់ប្រើប្រាស់គ្រឿងញៀនជាច្រើនលើកផងដែរ៕