ភ្នំពេញ ៖ ជាធម្មតា បើយើងនិយាយដោយរូប ជាតិជាស្ត្រីដែលល្អលើសគេ គឺស្រ្តីដែលមានសម្រស់ល្អផូផង់ និង ប្រកបដោយបញ្ចពិធកល្យាណី ។ តែបើនិយាយដោយធម៌ ជាតិជាស្ត្រីដែលល្អលើសគេ គឺស្ត្រីដែលមានសីលមារយាទល្អគួរជាទីរាប់អាន របស់អ្នកដ៏ទៃ ។ តែបុព្វបុរសខ្មែរមួយរូបដែលមាននាមថា ឧកញ៉ាសុត្តន្តប្រីជា ឥន្ទ បាននិយាយដោយវោហារវិញថា ជាតិជា ស្ត្រីដែលល្អលើសគេក្នុងលោក គឺស្ត្រីប្រពន្ធអ្នកដ៏ទៃនោះឯង ដោយបុព្វបុរសយើងបានលើកហេតុផលថា ព្រោះស្ត្រីប្រពន្ធគេនោះមានទោសខុសពីរផ្លូវ៖ ខុសទី១៖ បើបុរសណាទៅប្រព្រឹត្តកន្លងបវេណីលើប្រពន្ធអ្នកអ្នកដ៏ទៃ គឺក្នុងលោកនេះ គេសុទ្ធតែដឹងឮហើយថា នឹងត្រូវគេចោទប្ដឹងរហូតដល់មានទោសជាប់គុកច្រវ៉ាក់។ ឯខុសទី២៖ គឺខុសខាងផ្លូវបរលោក ដែលសាសនា ព្រះពុទ្ធបានលើកឡើងថា នឹងត្រូវទទួលបាប ធ្លាក់ទៅរងទុក្ខវេទនាក្នុងអបាយភូមិទាំង៤ មាននរកជាដើម។ ការដែល យើងគ្រប់គ្នាបានដឹងហើយថា នឹងត្រូវមានទោសយ៉ាងនេះ តែបុរសមួយចំនួន នៅតែលួចលាក់ រួមរ័ក្សមេត្រីបៀតបៀន ប្រពន្ធអ្នកដ៏ទៃទៀត ដោយមិនខ្លាចរអារ ដូច្នេះមានន័យថា ស្ត្រីដែលជាប្រពន្ធអ្នកដ៏ទៃនោះ គឺពិតជាល្អលើសគេលើលោកនេះ ជាក់ជាមិនខាន បានជាបុរសទាំងនោះ វៀរលែងពុំបាន ។
ថ្ងៃនេះយើងក្រឡេកមកមើលរឿងពិតជាក់ស្តែងមួយ ដែលត្រូវអាវុធហត្ថរាជធានីភ្នំពេញ ទើបតែធ្វើការបង្ក្រាប កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៨ និងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីបុរសម្នាក់ អាយុ២៦ឆ្នាំ ត្រូវបានស្ត្រីម្នាក់ អាយុ២៥ឆ្នាំ ប្តឹងចោទប្រកាន់ ថាបុរសខាងលើ បានប្រព្រឹត្តអំពើគំរាមបង្ហោះរូបភាពវីដេអូរួមភេទរបស់នាង ក្នុងគោលដៅឈ្លានពានផ្លូវភេទ។ តាមបណ្តឹងរបស់នារីរងគ្រោះ បានបញ្ជាក់ថារូបនាង គឺមានប្តីរួចទៅហើយ តែដោយ ការងារតម្រូវ រូបនាងត្រូវបានអង្គភាពចាត់ឲ្យ ផ្លាស់មកធ្វើការឆ្ងាយពីប្តី ក្រោយមករូបនាងក៏មានទំនាក់ទំនងផ្លូវភេទ ជាមួយ នឹងបុរសម្នាក់ ធ្វើការជាមួយគ្នា ដែលបុរសនោះក៏មានប្រពន្ធរួចហើយដែរ។ មួយរយៈក្រោយមក រូបនាងដឹងខ្លួនថា ប្រព្រឹត្តខុសប្រពៃណី ក៏សម្រេចចិត្តផ្តាច់ទំនាក់ទំនងជាមួយជនសង្ស័យ តែដោយកន្លងមករូបនាងនិងជនសង្ស័យធ្លាប់បាន ថតរូបអាក្រាតនិងវីដេអូរួមភេទជាមួយគ្នាក្នុងទូរស័ព្ទដៃ ទើបធ្វើឲ្យជនសង្ស័យយកវីដេអូនិងរូបភាពទាំងនោះ មកគម្រាមនាង ឲ្យរួមភេទជាមួយគ្នាជាបន្តបន្ទាប់។ តែមួយខែចុងក្រោយនេះរូបនាង បានព្យាយាមគេចមិនជួបមុខនិងផ្តាច់ទំនាក់ទំនងផ្លូវ ភេទ ជាមួយជនសង្ស័យ រហូតដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ ជនសង្ស័យបានផ្ញើសារមកគំរាមបង្ខំឲ្យនាង ត្រូវតែទៅ រួមភេទជាមួយរូបគេ បើមិនដូច្នោះទេ រូបគេនឹងបង្ហោះរូបភាពវីដេអូរួមភេទរបស់នាងនិងគេ ចូលក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយបានណាត់នាងឲ្យទៅជួបក្នុងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ជាកំហិត ទើបនាងប្តឹងមកសមត្ថកិច្ចអាវុធហត្ថរាជធានី ភ្នំពេញឲ្យជួយអន្តរាគមន៍តែម្តង។
តាមវិធានការជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យត្រូវបានឃាត់ខ្លួន និងបានសារភាពថា រូបគេពិតជាមាន ទំនាក់ទំនងផ្លូវភេទ ជាមួយនារីរងគ្រោះពិតប្រាកដមែន ហើយថែមទាំងមានរូបភាពអាក្រាត និងវីដេអូរួមភេទជាមួយគ្នា ក្នុងទូរស័ព្ទដៃផងដែរ តែដោយរូបគេ មានចិត្តស្រឡាញ់នារីរងគ្រោះខ្លាំងពេក មិនអាចបាត់មុខបាន ហើយនាងចេះតែ ឆ្លើយតបថារវល់ មិនព្រមមកជួបរូបខ្លួន ទើបខ្លួនសម្រេចចិត្តផ្ញើសារជាអក្សរនិងសម្លេង សុំនាងរួមភេទ ដោយគំរាមថា បើនាងមិនព្រមមកទេ រូបខ្លួននឹងបង្ហោះរូបភាពវីដេអូរួមភេទជាមួយគ្នា ជាសាធារណៈតាមបណ្តាញសង្គមហ្វេសប៊ុក ក្រោយមកនាងក៏យល់ព្រម និងបានណាត់ខ្លួនឲ្យទៅជួប ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង។
ជាមួយនឹងករណីនេះ អាវុធហត្ថរាជធានីភ្នំពេញ សូមអំពាវនាវទុកជាមេរៀន សម្រាប់យុវវ័យ សូមកុំប្រថុយប្រថាន បំពានប្រពៃណី និង ថតរូបអាក្រាតកាយរបស់ខ្លួន តាមគ្រប់មធ្យោបាយ ដែលអាចធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តី ថ្លៃថ្នូរ ផ្ទាល់ខ្លួនផង ក្រុមគ្រួសារផង ក៏ដូចជាសង្គមជាតិផងដែរ។ ហើយក៏សូមអំពាវនាវ ដល់មនុស្សគ្រប់រូប សូមគិតដល់ បញ្ហាច្បាប់ ទំនៀមទម្លាប់ប្រពៃណី សីលធម៌ និង បុណ្យបាប កុំមានចិត្តបំពារបំពានឬបៀតបៀនប្តីប្រពន្ធអ្នកដ៏ទៃ ដែល ជាហេតុបណ្តាលឲ្យមានទោសដល់ខ្លួន និងធ្វើឲ្យគ្រួសារគេបែកបាក់ បង្កើតជាការឈឺចាប់ដ៏សោកសៅក្នុងសង្គម៕