រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង១៤:០០នាទីរសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានញ្ជូនជនសង្ស័យ ០១នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោស ដែលជាប់ពាក់ព័ន្ធករណីលួច ម៉ូតូ។ ជនសង្ស័យរូបនេះ មានឈ្មោះ ចាន់ណា វិរៈឆៃ ភេទប្រុស អាយុ ៣២ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ឃាត់ខ្លួនបន្ទាប់ពីរូបគេបានធ្វើសកម្មភាពលួចយកម៉ូតូ ០១គ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៍ខ្មៅ ស្លាកលេខ ភ្នំពេញ ១1GQ-1987 ជារបស់ជនរងគ្រោះឈ្មោះ អ៊ុត សុខចាន់ ភេទប្រុស អាយុ ១៨ឆ្នាំ ដែលចតទុកនៅមុខផ្ទះហើយពុំបានដកសោរចេញពីម៉ូតូនោះទេ បន្ទាប់មកជនរងគ្រោះបានដើរចូលក្នុងផ្ទះរបស់ខ្លួនបាត់ទៅ។ លុះប្រហែល០៥នាទីក្រោយមក ស្រាប់តែមានជនសង្ស័យ ខាងលើ បានឆ្លៀតឳកាស ចូលលួចយកម៉ូតូ របស់ជនរងគ្រោះ តែសំណាងមិនល្អត្រូវបានជនរងគ្រោះឃើញបានស្ទុះមកប្រតាយប្រតប់ជាមួយជនសង្ស័យ ហើយស្រែកឆោរឡោលឺដល់សមត្ថកិច្ចអាវុធហត្ថខណ្ឌទួលគោក ដែលកំពុងល្បាតឃើញ បានចុះមកឃាត់ខ្លួនភ្លាមៗតែម្តង។ ករណីនេះកើតឡើងកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង០៧:១០នាទីព្រឹក នៅចំណុច មុខផ្ទះលេខ៣១៤ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមការសាកសួរ របស់សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យ ខាងលើ បានសារភាពឲ្យដឹងថា នៅថ្ងៃកើតហេតុ រូបគេ បានទៅយកលុយពីការដាក់បញ្ចាំទូរស័ព្ទនៅម្តុំផ្សារឃ្លាំងរំសេវ តែយកមិនទាន់បានក៏ដើរត្រលប់មកផ្ទះវិញ លុះពេលដើរដល់ចំណុចកើតហេតុខាងលើ បានឃើញម៉ូតូ ០១គ្រឿង ចតទុកមុខផ្ទះដោយពុំឃើញមានម្ចាស់ ហើយមានសោរនៅជាប់និងម៉ូតូផង ភ្លាមនោះ រូបគេបានឆ្លៀតឳកាស ចូលទៅលួចយក តែត្រូវបានជនរងគ្រោះឃើញ បានស្ទុះរត់មកចាប់ប្រតាយប្រតប់ជាមួយខ្លួន និងស្រែកឆោរឡោ ដឹងដល់សមត្ថអាវុធហត្ថចុះមកធ្វើការឃាត់ខ្លួនភ្លាមៗផងដែរ៕