ចោរលួចម៉ូតូ ០១នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការផ្តន្ទាទោស!

3

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរលួចម៉ូតូ ០១នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។ ចោរលួច ០១នាក់ នេះ មានឈ្មោះ បូ វណ្ណរីន ហៅអាខ្មៅ ភេទប្រុស អាយុ ១៩ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួនបានកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង០៤:៥៥នាទី ទៀបភ្លឺ នៅចំណុច ផ្លូវលេខ១៤៤ កែងផ្លូវ១៥ សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់ពីរូបគេ បានលួចម៉ូតូ០១គ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៍ខ្មៅ ស៊េរីឆ្នាំ២០១៣ ស្លាកលេខ កំពង់ចាម 1H-0290 កាលពីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ នៅចំណុច ស្តាម៉ាត ស្មាយល័រ របស់ជនរងគ្រោះឈ្មោះ មឿន សារីម ហៅរីន ភេទប្រុស អាយុ ២១ឆ្នាំ ដែលចតទុកមុខហាង ស្តាម៉ាត ខាងលើ។

ក្រោយពេលបាត់ម៉ូតូ ជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹង នៅមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ សមត្ថកិច្ចអាវុធហត្ថក៏បើកការស្រាវជ្រាវ រហូតកំណត់មុខសញ្ញានិងឃាត់ខ្លួនជនសង្ស័យបាន យកទៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ធ្វើការផ្តន្ទាទោស និងបានដកហូតម៉ូតូ០១គ្រឿងដែលជនសង្ស័យបានលួចយកទៅ ដើម្បីប្រគល់ជូនម្ចាស់ដើមវិញផងដែរ៕