ចោរយីអ៊ុនដាក់ អស់លក្ខណ៍ក្រោមដៃអាវុធហត្ថ!

12

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ កម្លាំងជំនាញនៃការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាមួយកម្លាំងអាវុធហត្ថខណ្ឌដង្កោ បានស្រាវជ្រាវតាមប្រមាញ់និងឃាត់ខ្លួនជនសង្ស័យបានម្នាក់ នៅខេត្តព្រះសីហនុ ពាក់ព័ន្ធករណីប្លន់នៅទីក្រុងភ្នំពេញ ដោយប្រតិបត្តការនេះមានការសហការណ៍យ៉ាងរលូនពីលោកវរសេនីយ៍ទោ ឆេង វុទ្ធី ប្រធានមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តព្រះសីហនុផងដែរ។

 

ដំបូងឡើយនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង០៩និង២០នាទី មានករណីប្លន់មិនបានសម្រេចមួយកើតឡើងនៅ ចំណុចផ្ទះលេខ១១ ផ្លូវលេខ៣ ក្នុងបុរីពិភពថ្មី ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ បង្កឡើងដោយជនសង្ស័យម្នាក់ ជាជាងជួសជុលរថយន្ត បានព្យាយាមប្លន់យកទូរស័ព្ទរបស់ស្ត្រីម្នាក់ឈ្មោះញ៉េប ចាន់ ខណៈដែលស្ត្រីរូបនោះបានហៅជនសង្ស័យឲ្យមកជួសជុលរថយន្តរបស់ខ្លួន នៅចំណុចកើតហេតុខាងលើ។ តែជាអកុសល ធ្វើឲ្យភ្ញាក់ផ្អើលដល់អ្នកជិតខាង ជាហេតុធ្វើឲ្យចោរយីអ៊ុនដាក់ម្នាក់នេះ ត្រូវបង្ខំចិត្តរត់យកប្រាស់អាយុ ទាំងប្លន់មិនបានសម្រេច ថែមទាំងចោលម៉ូតូមួយគ្រឿងម៉ាកឃ្លីកនៅនឹងកន្លែងកើតហេតុទៀតផង។

 

ក្រោយពេលទទួលបានបណ្តឹងរបស់ជនរងគ្រោះ អាវុធហត្ថរាជធានីភ្នំពេញបានប្រើវិធានការជំនាញ ធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញារបស់ជនសង្ស័យរហូតឈានទៅឃាត់ខ្លួនបាននៅខេត្ត ព្រះសីហនុ។ ក្រោយពីសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យបានសារភាពថារូបគេមានឈ្មោះ យឹម សុផា អាយុ៣៥ឆ្នាំ មុខរបរជាជាងជួសជុលរថយន្ត ជំនាញខាងធ្វើភ្លើង មានស្រុកកំណើតនៅខេត្តកំពត។ នៅថ្ងៃកើតហេតុជនរងគ្រោះបានទូរស័ព្ទហៅខ្លួនទៅជួសជុលរថយន្តឲ្យ ដោយជនរងគ្រោះជាម៉ូយធ្លាប់ជួសជុលរថយន្តកន្លងមក នៅពេលកំពុងធ្វើតេស្តរថយន្តរូបខ្លួនបានហៅជនរងគ្រោះឲ្យចូលក្នុងរថយន្ត ដើម្បីមើលខ្លួនធ្វើតេស្ត នៅពេលនោះខ្លួនបានឃើញម្ចាស់រថយន្តកាន់ទូរស័ព្ទអាយហ្វូនសេវិនផ្លាស់ក្នុងដៃ ខ្លួនស្រឡាញ់ខ្លាំង ទើបបង្ខំចិត្តបិទទ្វាររថយន្តគម្រាមជនរងគ្រោះយកទូរស័ព្ទនោះតែម្តង តែមិននឹកស្មានថា យីអ៊ុនដាក់ត្រូវជនរងគ្រោះស្រែកឆោឡោ ផ្អើលដល់អ្នកជិតខាង ធ្វើឲ្យយកទូរស័ព្ទក៏មិនបាន ថែមទាំងត្រូវរត់ចោលម៉ូតូទៀត បន្ទាប់មករូបខ្លួនបានគេចទៅសម្ងំពួននៅខេត្តព្រះសីហនុ ក៏នៅរត់មិនរួចត្រូវ អាវុធហត្ថរាជធានីភ្នំពេញ តាមទៅចាប់បាននៅទីនោះទៀត ពិតជាយីអ៊ុនដាក់ដល់កំពូលមែន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់៕