ចូលគុក ព្រោះផ្សំគំនិតទទួលទិញម៉ូតូរបស់ចោរ!

4

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០១នាក់ ឈ្មោះ ហុង សារ៉ាត់ ហៅភ័ន្ត ភេទប្រុស អាយុ ២៦ឆ្នាំ ទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណី ទទូលទិញម៉ូតូរបស់ចោរ។ រឿងហេតុនេះ កើតឡើង កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល០៤:០០នាទី ទៀបភ្លឺ នៅចំណុច ក្បែរគល់ស្ពានកោះពេជ្រ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយម្ចាស់ម៉ូតមានឈ្មោះ ហ៊ី វិបុល ភេទប្រុស អាយុ ២៨ឆ្នាំ បានបាត់ម៉ូតូ ០១គ្រឿង ម៉ាក BEAT ពណ៍ក្រហមលាយស ស្លាកលេខ តាកែវ 1O-1686 នៅចំណុចកើតហេតុខាងលើ។ ក្រោយពេលដឹងថាម៉ូតូរបស់ខ្លួនត្រូវចោរលួចបាត់ ជនរងគ្រោះ ក៏បានទៅដាក់ពាក្យបណ្តឹងភ្លាមៗផងដែរ នៅមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះភ្លាម អាវុធហត្ថមូលដ្ឋានខណ្ឌដូនពេញ បានធ្វើការស្រាវជ្រាវ តាមវិធានការជំនាញ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ខាងលើ បាននៅវេលាម៉ោងប្រហែល១២:០០នាទី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុច ម្តុំផ្សារបឹងកេងកង សង្កាត់បឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ យកមកទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃុំខ្លួនបណ្តោះអាសន្ន រងចាំធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

ក្រោមវិធានការជំនាញ នៃការសាកសួររបស់មន្ត្រីជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យ ខាងលើ បានសារភាពឲ្យដឹងថា ម៉ូតូ ម៉ាក BEAT ពណ៍ក្រហមលាយស ដែលរូបគេជិះនេះ គឺរូបគេបានទិញពីឈ្មោះ សិត តម្លៃ១០៥០ដុល្លា អាមេរិក នៅផ្សារបឹងកេងកង ដោយគ្មានស្លាកលេខ និងលិខិតស្នាមអីនោះទេ ហើយរូបគេនិងឈ្មោះ សិត នោះ ស្គាល់គ្នារយៈពេល ០១ខែមកហើយ នៅសួនច្បារណាហ្កាវើល។ រូបគេបានប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងទៀតថា រូបគេធ្លាប់ប្រើប្រាស់គ្រឿងញៀន រយៈពេលប្រហែល ០៥ខែមកហើយ រហូតដល់បច្ចុប្បន្ន ក៏រូបគេនៅបន្តប្រើប្រាស់គ្រឿងញៀន ម្តងម្កាលដែល៕