ការគិតរបស់អ្នកថានិងអ្នកមើល ខុសពីការពិតរបស់អ្នកធ្វើ!

18

ពាក់ព័ន្ធករណីជួញដូរនិងចែកចាគ្រឿងញៀន ដែលតែងតែកើតមានជាញឹកញាប់ សមត្ថកិច្ច បានធ្វើការបង្ក្រាបនិងទប់ស្កាត់ជាហូរហែរ រហូតពេលខ្លះត្រូវលះបង់ជីវិតទៀតក៏មាន! ប៉ុន្តែមតិអ្នក ដែលមិនបានដឹងពីការលំបាក និងមិនបានចុះអនុវត្តផ្ទាល់មួយចំនួន តែងលើកឡើងថា ហេតុដូចម្តេចបានជាសមត្ថកិច្ចបណ្តោយ ឲ្យពួកជនល្មើស ធ្វើអ្វីស្រេចតែចិត្ត ដោយមិនមានការបង្ក្រាប? ទាំងនេះគ្រាន់តែជាការយល់ឃើញផ្ទាល់ខ្លួន ដោយគ្មានមូលដ្ឋានសំអាង និងមិនមានការយល់ដឹងលម្អិតរបស់ពួកគាត់តែប៉ុណ្ណោះ! ធាតុពិតរាល់ការបង្ក្រាបបទល្មើសផ្សេងៗ ទាមទារត្រូវមានភស្តុតាង និងសាក្សីចង្អុលបង្ហាញច្បាស់លាស់។

ជាក់ស្តែងរយៈពេល២ថ្ងៃកន្លងមកនេះ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញបានធ្វើការ បង្ក្រាបគ្រឿងញៀនជាបន្តបន្ទាប់ចំនួន៤៨កញ្ចប់និងឃាត់ខ្លួនជនសង្ស័យជាប់ពាក់ព័ន្ធចំនួន០៣នាក់! ដោយកាលពី វេលាម៉ោង១០និង៤៥នាទីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ នៅចំនុច ផ្លូវរថភ្លើង សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ សមត្ថកិច្ចមូលដ្ឋានខណ្ឌទួលគោក នៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានស្រាវជ្រាវបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន ឈ្មោះ ទិត្យ ផានិត ភេទប្រុស អាយុ ២៧ឆ្នាំ ព្រមទាំងដកហូតថ្នាំញៀនប្រភេទក្រាមពណ៌សថ្លា បានចំនួន០៨កញ្ចប់។ ក្រោមការសួរចម្លើយ១ថ្ងៃ១យប់ ទើបជនសង្ស័យបានសារភាពថា ថ្នាំញៀនដែលគេយកមកចែកចាយ គឺទិញពីបុរសម្នាក់មិនស្គាល់ឈ្មោះ មិនស្គាល់ទីលំនៅ ជិះម៉ូតូ PCX ដោយបុរសនោះតែងយកថ្នាំញៀន មកដោយខ្លួនឯង ដំណើរមិនទៀងទាត់ និងមានការប្រុងប្រយ័ត្នបំផុត។ យោងលើព័ត៌មាននិងតម្រុយដ៏ស្តួចស្តើង នេះសមត្ថកិច្ចអាវុធហត្ថខណ្ឌទួលគោក សហការជាមួយកម្លាំងជំនាញការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការរាយអន្ទាក់ ស្ទាក់ចាប់ជនសង្ស័យដែលជិះម៉ូតូ PCX ប្រកបដោយការយកចិត្តទុកដាក់និងអត់ធ្មត់បំផុត រហូតដល់ម៉ោង ១០និង៤០នាទីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ សមត្ថកិច្ចអាវុធហត្ថ បានធ្វើការបង្ក្រាបជាក់ស្តែង នៅចំណុចផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យបាន០២នាក់ ជាដៃជើងរបស់បុរសជិះម៉ូតូPCX រួមជាមួយថ្នាំញៀន ចំនួន៤០កញ្ចប់ តែដោយបទពិសោធន៍និងការប្រុងប្រយ័ត្ន បុរសជិះម៉ូតូ PCX បានដឹងខ្លួននិងរត់គេចពីសមត្ថកិច្ច បន្សល់ទុកតែម៉ូតូមួយគ្រឿង នៅកន្លែងកើតហេតុប៉ុណ្ណោះ។ ឆ្លងតាមការស៊ើបអង្កេតនិងសួរចម្លើយ ជនសង្ស័យទាំង២នាក់ ដែលសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួន មានឈ្មោះ ពៅ សុខហៀង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលម្តុំផ្សារសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងឈ្មោះ សឿន បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិ
ខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៣ ផ្លូវ៦១៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពួកគេបានសារភាពបញ្ជាក់ថា ពួកគេក៏មិនស្គាល់អត្តសញ្ញាណបុរសជិះម៉ូតូ PCX ច្បាស់ដែរ ស្គាល់ត្រឹមតែឈ្មោះ និងចាំតែទទួលយកថ្នាំញៀនមកលក់បន្តប៉ុណ្ណោះដោយក្នុងមួយថ្ងៃពួកគេទទួលថ្នាំញៀន៥០កញ្ចប់។ រីឯបុរសជិះម៉ូតូPCX ពួកគេមិនដឹងថាជាអ្នកណា មកពីណា ធ្វើការឲ្យអ្នកណា យកថ្នាំញៀនមកពីណាឡើយ។ ដូច្នេះព័ត៌មាន និងការសហការណ៍ របស់ប្រពលរដ្ឋ គឺជាមូលដ្ឋានយ៉ាងសំខាន់ ដែលសមត្ថកិច្ចត្រូវការជាចាំបាច់ ក្នុងការបង្ក្រាបពួកជនល្មើស ជួញដូរគ្រឿងញៀនគ្រប់ប្រភេទ ព្រោះថាមេក្លោងពួកវាតែងតែមានកលល្បិច និងការប្រុងប្រយ័ត្នខ្ពស់ ក្នុងការលាក់បាំងនិងរត់គេចពីសមត្ថកិច្ច ដូចពាក្យចាស់លោកពោលថា ឆ្មាមានផ្លូវរបស់ឆ្មា កណ្តុរមានផ្លូវរបស់កណ្តុរ៕