កាលពីវេលាម៉ោង២៣:០០នាទីយប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងល្បាតអាវុធហត្ថខណ្ឌសែនសុខ បានបង្ក្រាប និងឃាត់ខ្លួនយុវជន ០៤នាក់ ដែលជាក្រុមក្មេងទំនើង ករណីបង្ករបួសស្នាម(ដោយប្រើ ដាវសាំម៉ូរៃ២ដើម និងដំបងដែកជ្រុងប្រវែង ១ម៉ែត្រ ១ដើម)។ យុវជនជាក្រុមក្មេងទំនើងទាំង ០៤នាក់នោះមាន៖
១.ឈ្មោះ ភាង បូរី ភេទប្រុស អាយុ ២២ឆ្នាំ , ២.ឈ្មោះ ផុន ធា ភេទប្រុស អាយុ ១៩ឆ្នាំ , ៣.ឈ្មោះ វ៉ន ណាក់ ភេទប្រុស អាយុ ២២ឆ្នាំ , ៤.ឈ្មោះ អាន លីត ភេទប្រុស អាយុ ២០ឆ្នាំ ត្រូវបានកម្លាំងល្បាតអាវុធហត្ថខណ្ឌសែនសុខ ធ្វើការបង្ក្រាប និងឃាត់ខ្លួនបាន នៅចំនុចផ្លូវជាស៊ីម ភូមិច្រេះ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលក្រុមក្មេងទំនើងទាំង ០៤នាក់ ខាងលើបានធ្វើសកម្មភាព វាយទៅលើយុវជន ០២នាក់ ឈ្មោះ ឈិន ប៊ុនតឺម ភេទប្រុស អាយុ ២៣ឆ្នាំ និងឈ្មោះ ឈិន សុខចាន់ ភេទប្រុស អាយុ ១៩ឆ្នាំ ដែលជាជនរងគ្រោះ បណ្តាលឲ្យរបួស បែកក្បាល ខ្នង និងឆ្អឹងជំនី ។