កម្ពុជា ប្រទេស តូច បេះដូង ធំ !

8

នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសផ្តល់ជំនួយ ម៉ាសចំនួន២លាន និងបរិក្ខារពេទ្យសរុប១២មុខ ជូននាយករដ្ឋមន្រ្តីឡាវដើម្បីចូលរួមប្រយុទ្ធប្រឆាំងជាមួយជំងឺកូវី-១៩ ព្រមជាមួយគ្នានោះផងដែរ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលភារកិច្ចជួយ ដឹកជញ្ជូនម៉ាស ចេញពី សាលារាជធានីភ្នំពេញ ឆ្ពោះទៅកាន់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីរៀបចំដឹកជញ្ជូនតាមយន្តហោះ បញ្ជូនទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅព្រឹកថ្ងៃចន្ទនេះ។បន្ទាប់មកអាវុធហត្ថរាជធានីភ្នំពេញបានបន្តបេសកកម្ម ចុះចែកម៉ាស ដល់ ប្រជាពលរដ្ឋក្នុងរាជធានី ជាលើកទី៤ តាមគោលដៅក្នុងខណ្ឌចំនួន៤ បន្ថែមទៀតគឺ កែងពេទ្យលោកសង្ឃត្រង់ចំណុចស្ពាន៧មករា ក្នុងខណ្ឌសែនសុខ ព្រំប្រទល់ជាមួយ ខណ្ឌទួលគោក ចែកដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយផ្ទាល់ និងគោលដៅផ្សេងទៀត ក្នុងខណ្ឌព្រែកព្នៅ ខណ្ឌសែនសុខ និងខណ្ឌកំបូល ចែកដោយក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ដោយមានប្រើប្រាស់ម៉ូតូកង់បី ចំនួន១២គ្រឿង បំពាក់ ឧគ្ឃោសនសព្ទ ផ្សព្វផ្សាយសារសម្លេង ពីរបៀបប្រើប្រាស់ម៉ាស និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីវិធានការការពារនិងទប់ស្កាត់ការរីករាលដាល នូវជំងឺឆ្លង កូវីដ១៩ ផងដែរ។សរុបរយៈពេល៤ថ្ងៃ ក្រោមការចង្អុលបង្ហាញពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អាវុធហត្ថរាជធានីភ្នំពេញបានទទួលម៉ាស់ពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សរុបចំនួន៤ម៉ឺនម៉ាសចែកជូនដល់ប្រជាពលរដ្ឋអស់ជាស្ថាពរ៕