ដោយមានការយកចិត្តទុកដាក់ពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេរភូមិន្ទ ជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំពោះនាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថ នៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ សៅ សុខា បានអញ្ជើញជាអធិបតី ក្នុងពិធីបំពាក់ឋានន្តរសក្តិ ជូនដល់ នាយទាហាន នាយទាហានរង ពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន២៨០នាក់ និង ប្រគល់ប័ណ្ណសរសើរ-លិខិតសរសើរ ចំនួន១០៦នាក់ ដោយមានការចូលរួមពី មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងសមាជិកអាវុធហត្ថ ជាច្រើនរូបទៀត។
លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខរបស់នាយឧត្តមសេនីយ៍ សៅ សុខា ជូនចំពោះ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ព្រមទាំងក្រុមគ្រួសារសាច់ញាតិផងដែរ និងបានផ្តាំផ្ញើ ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ឲ្យបន្តយកចិត្តទុកដាក់ពង្រឹងការងារ ការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត ជាពិសេស រួមគ្នាពង្រឹងការងារសន្តិសុខសង្គម ទប់ស្កាត់បង្កាបង្ក្រាបបទល្មើស គ្រប់ប្រភេទ ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ស្របតាមទិសស្លោករបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា នោះគឺ ចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្រ្កាប និង ជួយគិត ជួយធ្វើ រួមគ្នាទទួលខុសត្រូវ៕