បន្ទាប់ពីឆ្លងកាត់ភ្លើងសង្គ្រាមអស់ជាង៥០០ឆ្នាំក្រោយសម័យអង្គរកន្លងមក នៅចុងទសវត្សទី១០ នៃសតវត្ស២០ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ កម្ពុជាក៏បានទទួលជោគជ័យដ៏ធំជាប្រវត្តិសាស្ត្រ គឺការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង ទូទាំងប្រទេស ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់អគ្គមគ្គុទេសដ៏ល្បីឆ្នើមគឺ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន។
នៅក្នុងថ្ងៃទី ២៩-៣០-៣១ ខែធ្នូ ឆ្នាំ ២០១៨ រយៈពេល៣យប់៣ថ្ងៃ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ទល់មុខនឹងពហុកីឡដ្ឋាន មរតកតេជោ រាជធានីភ្នំពេញ នឹងមានកម្មវិធីដ៏ធំជាប្រវត្តិសាស្ត្រថ្មីមួយសម្រាប់កម្ពុជា គឺ ពិធីសម្ពោធវិមានអនុស្សាវរីយ៍ នយោបាយ ឈ្នះ ឈ្នះ និង អបអរសាទរខួបទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងអមដោយកម្មវិធីសំខាន់ៗដ៏រីករាយអធឹកអធមប្រចាំជាតិជាច្រើន ដូចជា៖
– កម្មវិធីរត់ប្រណាំង ការជិះកង់លេងកម្សាន្ត និងការប្រណាំងកង់ជំនាញជ្រើសរើសជើងឯកប្រចាំឆ្នាំ២០១៨
– ការរៀបចំស្តង់ពិព័ណ៌ «ភូមិផលិតផល» សមិទ្ធផលផលិតផលក្នុងស្រុក រួមទាំងផលិតផលរបស់ប្រទេសដៃគូ អាស៊ាន ចិន ជប៉ុន និងកូរ៉េ ដែលជាផលិតផលគោលដៅបម្រើឱ្យវិស័យទេសចរណ៍
– ការតាំងពិពណ៌ម្ហូបអាហារ និងភេសជ្ជៈ « ភូមិម្ហូបឆ្ងាញ់ »
– ការប្រកួតជើងឯកគុនខ្មែរពិភពលោក និងប្រកួតកម្រិតអាជីពខ្ពស់បំផុតនៃសិល្បៈគុនខ្មែរ (ជាមួយនឹងគូសងសឹកខ្មែរ-មីយ៉ាន់ម៉ា)
– ការប្រកួតជើងឯកអុកចត្រង្គ ស្វែងរកស្តេចអុកយុទ្ធសាស្ត្រ ឈ្នះ ឈ្នះ
– ការប្រកួតស្វែងរកបុរសខ្លាំង
– ការប្រណាំងក្របី រទេះគោ និងសេះ
– ការប្រកួតកីឡាមហាជនកម្សាន្តសប្បាយជាមួយ ចំបាប់បុរាណខ្មែរ
– កម្មវិធីសម្តែងសិល្បៈវប្បធម៌បុរាណខ្មែរចម្រុះ (ល្ខោន និងរបាំខ្មែរ)
– ការបញ្ចាំងខ្សែភាពយន្តឱ្យទស្សនាដោយឥតគិតថ្លៃ
-ការបាញ់កាំជ្រួចដ៏ធំ និង អស្ចារ្យជាងគេប្រចាំប្រវត្តិសាស្ត្រ
-ការប្រគំតន្ត្រីខ្នាតយក្ស Uber Countdown Concert ដែលមានតារាចម្រៀងល្បីៗមកពីផលិតធំៗ រួមទាំងកម្មវិធីពិសេសៗជាច្រើនផ្សេងទៀត។
មហាព្រឹត្តិការដ៏អស្ចារ្យនិងកក្រើក ក្នុងទំព័រប្រវត្តិសាស្ត្រនេះ កំពុងធ្វើឲ្យប្រជាជនខ្មែរចាប់អារម្មណ៍ និង ទន្ទឹងទៅចូលរួមលេង កម្សាន្តគ្រប់ៗគ្នា។
ព្រមជាមួយគ្នានេះផងដែរ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បី ផ្សព្វផ្សាយ ផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋដែលនឹងមកចូលលេងកម្សាន្ត រយៈពេល ៣យប់៣ថ្ងៃ ក្នុងមហាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រប្រចាំជាតិមួយនេះ។ ឯកឧត្តម រ័ត្ន ស្រ៊ាង បានលើកឡើងដោយម៉ឹងម៉ាត់ ចំពោះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ គឺធ្វើយ៉ាងណាត្រូវសហការណ៍ជាមួយកម្លាំងសមត្ថកិច្ចចម្រុះ និងស្ថាប័ន ពាក់ព័ន្ធទាំងអស់ ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋដែលនឹងមកចូលរួម ដើរលេងកម្សាន្ត ឲ្យបានហ្មត់ចត់បំផុត៕