ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជា អធិបតី ក្នុងពិធីបំពាក់ឋានន្តរសក្តិ ជូនដល់នាយទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាលើកទី៣ ក្នុងឆ្នាំ២០១៨ បន្ទាប់ពី បានបំពាក់ជូន ពីរលើករួចមកហើយ កាលពី ថ្ងៃទី០៧ និងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ សរុបកើនឡើងដល់ទៅ៤៦៩នាក់ និងនៅមានបំពាក់ជូនជាបន្ត បន្ទាប់ទៀត។
ពិធីបំពាក់ឋានន្តរសក្តិ ជូនដល់នាយទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ លើកទី៣នេះ រួមមានថ្នាក់វរសេនីយ៍ឯកចំនួន១៧រូប គឺមានមេបញ្ជាការមូលដ្ឋានខណ្ឌ ចំនួន៩រូប និងនាយរងសេនាធិការ ចំនួន៨រូប។ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ថា ដោយមានការដឹកនាំប្រកបដោយ ភាពប៉ិនប្រសព្វនិងឈ្លាសវៃ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពល ខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលជានិច្ចកាល លោកនាយឧត្តម សេនីយ៍ តែងតែយកចិត្តទុកដាក់ខ្ពស់ ដល់សុខទុក្ខរបស់នាយ នាយរង អាវុធហត្ថគ្រប់គ្នា និងបាន ណែនាំ ចង្អុលបង្ហាញ ឲ្យកម្លាំងអាវុធហត្ថទាំងមូល ត្រូវប្រឹងប្រែង ហ្វឹកហ្វឺន រៀនសូត្រ សិក្សាស្រាវជ្រាវ ដើម្បីកសាងខ្លួនឱ្យក្លាយទៅជាអាវុធហត្ថគំរូ ប្រកបដោយ ឆន្ទៈ ស្មោះត្រង់ ស្អាតសំ រាបសារ ឈ្លាសវៃ ក្លាហាន និងព្យាយាមតស៊ូ ធ្វើឲ្យកងរាជអាវុធហត្ថ ទូទាំងប្រទេស អនុវត្តន៍ការងារទទួលបានជោគជ័យ និងស្នាដៃជាបន្តបន្ទាប់។
ដោយឡែក ចំពោះអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមលះបង់កម្លាំងកាយ កម្លាំងចិត្ត ដើរតាមមាគ៌ាដឹកនាំ របស់លោកនាយឧត្តមសេនីយ៍ ក្នុងបុព្វហេតុការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងបំពេញការងារទៅតាមច្បាប់វិន័យកងទ័ព គោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ព្រមទាំងមាន សីលធម៌ សុជីវធម៌ល្អ ជាប្រចាំ ចាត់ទុកខ្លួនឯងជាអ្នកបំរើរាស្ត្រគ្រប់ពេលវេលា និងបានប្តូរផ្តាច់ក្នុងការ ថែរក្សា សន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍន៍ ដែលប្រទេសជាតិយើង កំពុងមានសព្វថ្ងៃ ឲ្យនៅ គង់វង្សរីកចម្រើន តទៅមុខជានិរន្តរ៍ ជាពិសេសលើកកំពស់ស្មារតី ស្រឡាញ់ ជឿជាក់ ស្មោះត្រង់ ប្តេជ្ញាការពារ នូវរាជរដ្ឋាភិបាល ស្របច្បាប់ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នៅគ្រប់កាលៈទេសៈ មិនឲ្យមាន បដិវត្តពណ៌ កើតឡើងជាដាច់ខាត។
ជាចុងបញ្ចប់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានអំពាវនាវឲ្យអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ សូមដាស់តឿនក្រៀនរំលឹកដល់ បងប្អូន ក្រុមគ្រួសារសាច់ញាត ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ សូមនាំគ្នាទៅពិនិត្យផ្ទៀងផ្ទាត់មើលឈ្មោះឲ្យបានត្រឹមត្រូវ និងទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឲ្យបានគ្រប់ៗគ្នាកុំបីខាន។ បន្ទាប់មកពិធី បំពាក់ឋានន្តរសក្តិ បានប្រព្រឹត្តទៅ ប្រកបដោយ បរិយាកាសសោមនស្សរីករាយគ្រប់ៗគ្នា៕