មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ចំនួន សែសិបប្រាំលាន ប្រាំបីសែន បីម៉ឺន ប្រាំបីពាន់ រៀល (៤៥,៨៣៨,០០០រៀល) ត្រូវបានប្រគល់ជូនគ្រួសារសពលោកវរសេនីយ៍ត្រី នួន ធឿន!

75

ភ្នំពេញ ៖ ដោយមានការយកចិត្តទុកដាក់គិតគូរខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទីនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្កើតឱ្យមានមូលនិធិមហាគ្រួសារអាវុធហត្ថ ដើម្បីចែករំលែកធនធាន ជួយសម្រាលបន្ទុកដល់ក្រុមគ្រួសារសព នាយទាហាន នាយទាហានរង អាវុធហត្ថ ទូទាំងប្រទេស ក្នុងការជួយសម្រួលដោះស្រាយទុក្ខលំបាក ពេលដែលសាច់ញាតខ្លួន ជាអាវុធហត្ថត្រូវបានទទួលមរណភាព។

នៅរសៀលថ្ងៃច័ន្ទ ៤កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានពាំនាំយកថវិកាមហាគ្រួសារអាវុធហត្ថចំនួន សែសិបប្រាំលាន ប្រាំបីសែន បីម៉ឺន ប្រាំបីពាន់ រៀល (៤៥,៨៣៨,០០០រៀល) ប្រគល់ជូនក្រុមគ្រួសារដែលជា ញាតសណ្តាន នៃសពលោកវរសេនីយ៍ត្រី នួន ធឿន នាយការិយាល័យផែនការ មន្ទីររដ្ឋបាលហិរញ្ញវត្ថុ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានទទួលមរណភាព កាលពីវេលាម៉ោង០៤និង០០នាទី ថ្ងៃទី០៣ ខែកក្តដា ឆ្នាំ២០១៨ នៅមន្ទីរពេទ្យព្រះកេតុមាលា ដោយរោគាពាធ និងបានធ្វើបុណ្យសពតាមប្រពៃណីនៅឯស្រុកកំណើត ក្នុងខេត្តតាកែវ៕