ឯកឧត្តម រ័ត្ន ស្រ៊ាង ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋានសង្កាត់ព្រែកកំពិស

33

នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន សង្កាត់ព្រែកកំពឹសទាំងមូល ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីបង្កើនភាពស្និទ្ធស្នាល និងផ្លាស់ប្តូរព័ត៌មាន ស្តីពីការអនុវត្តគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព។ ក្នុងកម្មវិធីនោះ ក៏មានវត្តមាន លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ លោកអភិបាលរងខណ្ឌ មន្ត្រីអាវុធហត្ថ នគរបាលប៉ុស្តិ៍ ព្រមទាំងសមាជិក សមាជិកា ជាច្រើននាក់ផងដែរ។

នៅក្នុងឱកាសជួបជុំសំណេះសំណាលនេះ ឯកឧត្តម រ័ត្ន ស្រ៊ាង បានចែកជូនដល់សមាជិកចូលរួមទាំងអស់ នូវទឹកសុទ្ធ និងនំបុ័ងដាក់សាច់ម្នាក់ ០១ដើមសម្រាប់ជាអាហារសម្រន់ និងបានចែកសម្ភារៈមួយចំនួនជូនដល់អង្គភាពចំនួន១០ក្នុងសង្កាត់ព្រែកកំពឹសទាំងមូលដើម្បីសម្រួលដល់ការងារប្រចាំការ ក្នុងនោះរួមមានៈ ស្នាក់ការសង្កាត់០១,ស្នាក់ការភូមិចំនួន០៦,សាលាវិទ្យាល័យ និងអនុវិទ្យាល័យចំនួន០១,សាលាបឋមសិក្សា០១ និងអង្គភាពយុវជនចំនួន០១ ដោយក្នុងមួយអង្គភាពទទួលបានៈ

– ថវិកាចំនួន ២០ម៉ឺនរៀលជាប្រចាំរៀលរាល់ខែ

– តុអ៊ីណុក០១, កៅអី០៨

– ឆ្នាំងដាំទឹកអគ្គីសនី០១

– ប៉ាន់តែ០១ឈុត

– តែ០២កញ្ចប់ និងនំចំនួន០២ធុង។