ភ្នំពេញ ៖ ក្នុងនាមជាកងកម្លាំង គឺពិតជាមានពេលវេលាតិចតួចណាស់ សម្រាប់គ្រួសារ។ ជារៀងរាល់ឆ្នាំ នៅគ្រប់ពិធីបុណ្យជាតិ សាសនា ពេលដែលបងប្អូនប្រជាពលរដ្ឋ ជួបជុំគ្រួសារ ដើរលេងសប្បាយ គឺជាពេលដែលកម្លាំងសមត្ថកិច្ច រឹតតែត្រូវយក ទុកដាក់ លើកកម្ពស់ស្មារតី ទទួលខុសត្រូវ លើការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋ កាន់តែមមាញឹក ជាងពេលធម្មតា។
ដូចគ្នាផងដែរ សម្រាប់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលតែងបានចូលរួមយ៉ាងសកម្ម ក្នុងការបង្កាទប់ស្កាត់ បង្ក្រាបបទល្មើស ចេញល្បាតទាំងយប់ទាំងថ្ងៃរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ, ការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំ ក៏ដូចជាប្រតិភូជាតិអន្តរជាតិ, យកអាសារប្រជាពលរដ្ឋដែល ជួបឧបទ្ទវហេតុគ្រោះថ្នាក់លើដងផ្លូវ ដោយជួយសង្គ្រោះបឋម លាងនិងរុំរបួស, ជួយសម្រួលចរាចរណ៍នៅកន្លែងកកស្ទះ, ជួយដឹកដៃសិស្សតូចៗ ឆ្លងផ្លូវ ទាំងម៉ោងចូលនិងចេញពីសាលា, និងចូលរួមចលនា អនាម័យ បរិស្ថាន គ្រប់ទីកន្លែងដែលអាវុធហត្ថឈរជើងនោះ នៅចំពោះមុខ បុណ្យចូលឆ្នាំថ្មី ប្រពៃណី ជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ដែលនឹងខិតជិតចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ បានត្រៀមខ្លួនជាស្រេច ក្នុងការលះបង់កម្លាំងកាយចិត្ត លះបង់ពេលវេលាផ្ទាល់ខ្លួននិងគ្រួសារ ដើម្បី ចូលរួមការពារសន្តិសុខ សុវត្ថិភាព ជូនបងប្អូន ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដែលដើរលេងកម្សាន្ត និងប្រារព្ធពិធីបុណ្យ ចូលឆ្នាំ ឲ្យបានសុវត្ថិភាពនិងសប្បាយរីករាយ គ្រប់ៗគ្នា។
ដើម្បីជាការលើកទឹកចិត្ត ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជា មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែ០៣ ឆ្នាំ២០១៨ បានរៀបចំពិធីជួបជុំសំណេះសំណាល ជាមួយនាយ នាយរង និងពលអាវុធហត្ថ ទូទាំងរាជធានីភ្នំពេញទាំងអស់ ដោយភ្ជាប់ជាមួយអំណោយជាចំណងដៃ អបអរសាទរ បុណ្យចូលឆ្នាំថ្មី ដោយក្នុងម្នាក់ៗទទួលបានទឹកក្រូចដប០១កេស, អាវយឺត០១ និងកញ្ចប់នំពាទឹកដោះគោទឹកសុទ្ធ ០១ឈុត ហើយនៅថ្ងៃទី២៨ ខែ០៣ ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ឯក បានរៀបចំពិធីជប់លៀងជូនដល់កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញទាំងមូល ចូលរួមសប្បាយមុនចូលឆ្នាំថ្មីមកដល់ ដើម្បីទុកពេលវេលា ការពារប្រជាពលរដ្ឋក្នុងថ្ងៃចូលឆ្នាំ។ មិនត្រឹមតែប៉ុណ្ណោះទេ នៅថ្ងៃទី០៣/ទី០៤ ខែមេសា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានចែកជូនដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ទូទាំងរាជធានី នូវស្រាបៀ KUDO ម្នាក់០១កេស សម្រាប់ឲ្យ នាយ នាយរង និងពលអាវុធហត្ថទាំងអស់ ផ្ញើជូនអមជាមួយទឹកក្រូចដបទៅដល់ក្រុមគ្រួសារ ទុកគ្រាន់ពិសារជួបជុំសាច់ញាតក្នុងថ្ងៃចូលឆ្នាំរៀងៗខ្លួន ដែលស្រាបៀរទាំងនេះជាអំណោយរបស់ ក្រុមហ៊ុនស្រាបៀកម្ពុជា បានឧបត្ថម្ភជូនបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន២០០០កេស។
កាយវិការបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាពេលនេះ គឺជាគុណធម៌មួយរបស់មេបញ្ជាការ ដែលតែងតែយកចិត្ត ទុកដាក់ ឈឺឆ្អាលពីទុក្ខធុរៈ និងលើកទឹកចិត្តចំពោះកូនចៅក្រោមឱវាទគ្រប់ៗគ្នាបង្កើតបានជាក្តីរំភើបមិនអាចបំភ្លេចបាន៕