នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យ អតីតនាយទាហាន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលបានចូលសោធននិវត្តន៍ ក្នុងឆ្នាំ២០២៣នេះ ក៏ដូចជា អ្នកដែលបានចូលនិវត្ត ក្នុងអំឡុក ការរីករាល នៃជំងឺកូវីដ១៩ ចូលជួបសម្តែងការនឹករលឹក និងរំលឹកពីអនុស្សាវរីយ៍មួយចំនួន កាលពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង នៅជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ មុនពេលលោកផ្លាស់មកទទួល តំណែងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៣។
ក្នុងនាមធ្លាប់ជាមេបញ្ជាការផ្ទាល់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសម្តែងនូវមនោសញ្ចេតនា រំភើបរីករាយ ឥតឧបមា ដែលបានជួបជាមួយ អតីតនាយអាវុធហត្ថក្រោមឱវាទរបស់លោកគ្រប់គ្នា ដោយលោកបានសំណេះសំណាលសួរសុខទុក្ខទាំងសាម៉ីខ្លួន ក៏ដូចជាក្រុមគ្រួសារ ព្រមទាំងបង្ហាញនូវក្តីនឹករឭកយ៉ាងជ្រាលជ្រៅ ទាំងចំពោះនាយទាហានដែលបានចូលនិវត្តន៍ហើយ ទាំងអ្នកដែលកំពុងនៅបម្រើការងារ ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ដែលធ្លាប់មានអនុស្សាវរីយ៍រួមសុខរួមទុក្ខជាមួយគ្នាយ៉ាងច្រើនក្នុងរយៈកាលកន្លងមក។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានណែនាំ ដល់ នាយទាហាន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលបានចូលសោធននិវត្តន៍ទាំងអស់ ត្រូវចេះគិតគូររៀបចំផែនការសេដ្ឋកិច្ចក្នុងគ្រួសារឲ្យបានហ្មត់ចត់ ថែទាំសុខភាពឲ្យបានល្អ សម្រាប់ទៅថ្ងៃអនាគត ព្រមទាំងបានផ្តល់សម្ភារៈថវិកា មួយចំនួន ជូនដល់ពួកគាត់គ្រប់គ្នា ទុកជាចំណងដៃ យកត្រឡប់ទៅកាន់ខេត្តបន្ទាយមានជ័យវិញផងដែរ៕