យុវជនកងរាជអាវុធហត្ថរាជធានីភ្នំពេញម្នាក់ ត្រូវបានរថយន្តកុងតឺន័រសណ្តោងកន្ទុយ កិនពីលើស្លាប់យ៉ាងអណោចអធម កាលពីយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ០៨និង៣០នាទី នៅចំណុចមុខបុរីសន្តិភាព២ ផ្លូវ៣០ម៉ែត្រ ភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមការបង្ហើបរបស់មន្ត្រីកងរាជអាវុធហត្ថជាមិត្តរួមការងារ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ព្រិន្ទបាលឯក ឃួន វិសាល កាលនៅមានជីវិតគឺជាមនុស្សសុភាពរាបសារ ស្រឡាញ់ការងារ គោរពវិន័យ គោរពពេលវេលា មានការស្រឡាញ់រាប់អានពីមិត្តភ័ក្តិ ជុំវិញខ្លួន និងបងប្អូនសាច់ញាតិគ្រប់ៗគ្នា។ ជិត៣ឆ្នាំចុងក្រោយនេះ លោកព្រិន្ទបាលឯក ឃួន វិសាល បានទទួលបេសកកម្ម រួមជាមួយក្រុមការងារ ចុះការពារនិងរៀបចំសណ្តាប់ធ្នាប់ នៅមន្ទីរពេទ្យហ្លួងម៉ែ ដែលត្រូវបានដាក់ជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ រហូតដល់ស្ថានភាពបានធូរស្រាល មណ្ឌលព្យាបាលត្រូវបានបិទ តែបេសកកម្មរបស់ លោកព្រិន្ទបាលឯក ឃួន វិសាល នៅតែបន្តយាមការពារសម្ភារៈបរិក្ខាព្យាបាលជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យហ្លួងម៉ែដដែល។ លោកព្រិន្ទបាលឯក ឃួន វិសាល អាយុ៣០ឆ្នាំ នៅលីវមិនទាន់មានភរិយា ជាកូនបងមានប្អូនស្រីវិបល្លាសស្មារតីចាកចោលផ្ទះ ឪពុកទើបតែទទួលអនិច្ចកម្មថ្មីៗ ហើយម្តាយធ្លាក់ខ្លួនឈឺព្រោះតែក្រៀមក្រំមិនទាន់អាចធ្វើចិត្តបំភ្លេចប្តីបាន។
ដោយចិត្តកតាញ្ញូ លោកព្រិន្ទបាលឯក ឃួន វិសាល ខំឆ្លៀតសុំច្បាប់ប្រធានក្រុម ដើម្បីបានទៅកំដរមើលថែលួងលោមម្តាយ តែមិននឹកស្មានថាបែក្លាយទៅជាជួបរឿងអកុសល គ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវ ត្រូវរថយន្តធំកិនស្លាប់ តាមទៅកំដរឪពុកដែលទើបអនិច្ចកម្ម ធ្វើឲ្យអ្នកម្តាយកាន់តែខ្លោចចិត្តខ្លាំងទ្វេរឡើង។
ដោយក្តីអាណិតអាសូរ នាព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធាន អនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមគោលដៅនិងតំបន់ចត្តាឡីស័ក ព្រមទាំងលោកជំទាវ បានចាត់ក្រុមការងារនាំយកថវិកា ចំនួន ៤លាន រៀល ទឹកសុទ្ធ ៣០កេស ចូលរួមបុណ្យសព លោកព្រិន្ទបាលឯក ឃួន វិសាល និងបានផ្តាំផ្ញើរចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារសព ជាមួយគ្នានោះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ ក៏បានចាត់ក្រុមការងារនាំយកថវិកា ២លានរៀល ចូលរួមបុណ្យសព និងបានផ្តាំផ្ញើរចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារសពដូចគ្នា។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានី ភ្នំពេញ ក៏បាននាំយកថវិកា ២០លានរៀល ទឹកសុទ្ធរួមនឹងភេសជ្ជៈ៣០កេស អង្ករ៤ការ៉ុង ទៅប្រគល់ឲ្យក្រុមគ្រួសារសព សម្រាប់រៀបចំធ្វើបុណ្យជាមុន និងជាបន្តមិត្តរួមការងារ ក្នុងអង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញចូលបុណ្យបន្ថែម រួមជាមួយថវិកាមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលផ្តួចផ្តើមដោយ នាយឧត្តមសេនីយ៍ សៅ សុខា នឹងប្រគល់ជូនគ្រួសារសពតាមក្រោយផងដែរ។លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានសម្តែងនូវការសោកស្តាយយ៉ាងអនេក ចូលរួមរំលែកមរណៈទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារ និងសាច់ញាតិនៃសព ព្រោះការបាត់បង់ លោកព្រិន្ទបាលឯក ឃួន វិសាល ដែលជាយុវជន មានឆន្ទៈប្តូរផ្តាច់ចំពោះជាតិមាតុភូមិ ជាធនធានមនុស្សដ៏កម្រ ក្នុងកងរាជអាវុធហត្ថនិយាយជារួម ជាធនធានដ៏សំខាន់ សម្រាប់កងរាជអាវុធហត្ថរាជធានីភ្នំពេញនិយាយដោយឡែក និងជាកូនល្អក្នុងគ្រួសារ។ ហើយលោកក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ លោកនាយឧត្តមសេនីយ៍ សៅ សុខា, ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ, ឯកឧត្តម ឃួង ស្រេង ព្រមទាំងបងប្អូនកងរាជអាវុធហត្ថទាំងអស់ ដែលតែងតែគិតគូពីសុខទុក្ខ ដល់កងកម្លាំង ជាពិសេស បានចំណាយថវិកាផ្ទាល់ខ្លួន ចូលរួមបុណ្យសពសមាជិក អាវុធហត្ថរាជធានីភ្នំពេញនាពេលនេះ៕