អ្នកប្រយុទ្ធអាវុធហត្ថរាជធានីភ្នំពេញ០៤រូប បានវិលត្រលប់ពីការប្រកួតបាញ់ស៊ីបអន្តរជាតិនៅប្រទេសចិន!

12

រាជធានីភ្នំពេញ ៖ ដោយមានការចាត់តាំងពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយអាវុធហត្ថ០៤រូបនៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានចេញទៅចូលរួមប្រកួតបាញ់ស៊ីប Sniping អន្តរជាតិលើកទី២នៅប្រទេសចិន តាមការជូនដំណឹងរបស់ក្រសួងការពារជាតិ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨។ ការប្រកួតបាញ់ស៊ីបអន្តរជាតិនេះ គឺរៀបចំឡើងដោយកងកម្លាំងប៉ូលិសប្រដាប់អាវុធប្រជាជនចិន (PAP) និងមានក្រុមអ្នកប្រយុទ្ធជាង 100 នាក់មកពីប្រទេសចំនួន 21 បានចូលរួម ក្នុងនោះរួមមានប្រទេសចិន, កម្ពុជា, ឈីលី, បេឡារុស្ស, កាហ្សាក់ស្ថាន, គុយវ៉េត, កៀហ្សីស្ថាន, ថៃ, សាធារណៈរដ្ឋអាហ្វ្រិកកណ្តាល, តាជីគីស្ថាន, ប៉ាគីស្ថាន, ហ្វីលីពីន, ស្រីលង្កា, អេស៉្បាញ, អ៊ូសបេគីស្ថាន, ហូល្លង់, ម៉ាសេដូន, ជីប៊ូទី, ហុងគ្រី, អ៊ីស្រាអែល, វៀតណាម។

ការប្រកួតប្រជែងនេះមានគោលបំណងបង្កើតវេទិកាមួយដែលអាចឱ្យកងកម្លាំងប្រដាប់អាវុធមកពីបណ្តាប្រទេសផ្សេងៗ ធ្វើតេស្តសមត្ថភាព ក្នុងការវិនិច្ឆ័យគោលដៅយ៉ាងលឿន,ត្រឹមត្រូវ និង បាញ់ច្បាស់ ហើយអ្នកប្រយុទ្ធម្នាក់ៗ អាចរៀនសូត្រ ពីគ្នាទៅវិញទៅមក មានការរីកចម្រើនរួមគ្នា ពង្រឹងចំណងមិត្តភាពនិងផ្លាស់ប្តូរទស្សនៈជាមួយសមភាគីមកពីជុំវិញពិភពលោក ។

ការប្រកួតប្រជែងនេះផងដែរ គឺផ្តោតលើលក្ខណៈនៃប្រតិបត្តិការប្រឆាំងភេរវកម្ម ដែលមានចំនួនដប់ពីរព្រឹត្តិការណ៍ ក្នុងការវាយលុកលុយនិងការបាញ់កាំភ្លើងជាក់ស្តែងនៅលើសមរភូមិសិប្បនិម្មិត នៅភ្នំយ៉ន់ហានក្បែរទីក្រុងប៉េកាំង។ វិញ្ញាសារទាំង១២ព្រឹត្តិការណ៍ រួមមាន៖
– បាញ់ទម្លាក់កាំបិត ក្នុងរយៈចម្ងាយ ៥០ម៉ែត្រ ទៅ ៨០ម៉ែត្រ
– បាញ់៤កាយវិកា ក្នុងរយៈចម្ងាយ ១០០ម៉ែត្រ ទៅ ១៥០ម៉ែត្រ
– បាញ់ស៊ើបការ ក្នុងរយៈចម្ងាយ ១២០ម៉ែត្រ ទៅ ១៥០ម៉ែត្រ
– បាញ់បន្លំសម្លេង ក្នុងរយៈចម្ងាយ ១៥០ម៉ែត្រ ទៅ ១៨០ម៉ែត្រ
– ក្លែងភេទឆ្មក់បាញ់ ក្នុងរយៈចម្ងាយ ១៦០ម៉ែត្រ ទៅ ២២០ម៉ែត្រ
– ក្លែងភេទបាញ់ តទល់ ក្នុងរយៈចម្ងាយ ១៨០ម៉ែត្រ ទៅ ២៤០ម៉ែត្រ
– បាញ់គោលដៅសំខាន់ៗ ក្នុងរយៈចម្ងាយ ៣០០ម៉ែត្រ ទៅ ៧០០ម៉ែត្រ
– បាញ់រំដោះចំណាប់ខ្មាំង ក្នុងរយៈចម្ងាយ ២៧០ម៉ែត្រ ទៅ ៣៣០ម៉ែត្រ
– បាញ់ចម្ងាយឆ្ងាយ ក្នុងរយៈចម្ងាយ ៦០០ម៉ែត្រ ទៅ ៧០០ម៉ែត្រ
– ស្វែងរកបាញ់ចម្ងាយឆ្ងាយ ក្នុងរយៈចម្ងាយ ៣០០ម៉ែត្រ ទៅ ៨០០ម៉ែត្រ
– បាញ់ប្រយុទ្ធទ្រង់ទ្រាយធំ ឡើងចុះភ្នំចម្ងាយ២៣០០ម៉ែត្រ
– បាញ់បិទសាម៉ែលចម្ងាយ ៨០ម៉ែត្រ ទៅ ១៥០ម៉ែត្រ

បន្ទាប់ពីបានត្រឡប់មកពីប្រទេសចិនវិញ ក្នុងដើមខែវិច្ឆិការនេះ អាវុធហត្ថរាជធានីភ្នំពេញទាំង០៤រូបដែលទៅចូលរួមប្រកួត គឺមាន០២រូបទទួលបានវិញ្ញាប័ណ្ណបត្រ Sharp Blade-2018 International Sniping Competion នៃពានរង្វាន់ Special Contribution Award និងពានរង្វាន់ United Striving Award ៕
#PhnomPenhGRK