លោកវរសេនីយ៍ឯក សៀ ទីន សម្តែងការអបអរសាទរចំពោះ សិក្ខាកាមវគ្គបណ្តុះបណ្តាលយោធាចារ្យ ជំនាញបាញ់អាវុធខ្លី នៅសាលានាយទាហានសកម្ម!

6

នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយក្រុមការងារ បានទទួលការអញ្ជើញឲ្យចូលរួមក្នុងកម្មពិធីបិទវគ្គបណ្តុះបណ្តាលយោធាចារ្យ ជំនាញបាញ់អាវុធខ្លី នៅសាលានាយទាហានសកម្ម ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម និងមានការចួលរួមពី យោធាចារ្យ នាយទាហាន នាយទាហានរង នៃសាលានាយទាហានសកម្មជាច្រើនរូបទៀត។

វគ្គបណ្តុះបណ្តាលយោធាចារ្យជំនាញបាញ់អាវុធខ្លីនេះ ត្រូវបានសាលានាយទាហានសកម្ម រៀបចំឡើងក្នុងគោលបំណង បំពេញសមត្ថភាពដល់នាយទាហាន យោធាចារ្យ ដែលមិនទាន់បានឆ្លងវគ្គសិក្សាជំនាញបាញ់អាវុធខ្លី ក៏ដូចជាដើម្បីឱ្យសិក្ខាកាមមានសមត្ថភាពបំពេញភារកិច្ចបានល្អ តាមការចាត់តាំងរបស់សាលា និង ដើម្បីពង្រឹងគុណភាព នាយទាហាន ជាយោធាចារ្យវ័យក្មេង សម្រាប់បន្តវេន ដោយបានចាប់ផ្តើមវគ្គ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ និងបានបញ្ចប់នៅ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។

ក្នុងវគ្គបណ្តុះបណ្តាលនេះ ក៏ទទួលបានការអនុញ្ញាត ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឱ្យគ្រូឧទ្ទេសនាម ចំនួន ០២នាក់ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមសហការ ជាមួយសាលានាយទាហានសកម្ម ដើម្បីរៀបចំបណ្តុះបណ្តាល ដល់នាយទាហានយោធាចារ្យសាលានាយទាហានសកម្មផងដែរ។

លោកវរសេនីយ៍ឯក សៀ ទីន បានសម្តែងការកោតសរសើរចំពោះនាយទាហានគ្រប់គ្រងវគ្គ ដែលបានគ្រប់គ្រងវគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អ និងបានកោតសរសើរចំពោះ យោធាចារ្យ និងគ្រូឧទ្ទេសនាម ដែលបានយកចិត្តទុកដាក់បង្វឹក បង្រៀន ដល់សិក្ខាកាមបានយ៉ាងម៉ត់ចត់ និងទៀតទាត់ល្អ ស្របតាមកម្មវិធីជាក់ស្តែង និងជាពិសេសអបអរសាទរចំពោះសិក្ខាកាមទាំងអស់ដែលបាន តាមដានស្តាប់ ការឧទ្ទេសនាមរបស់យោធាចារ្យនិងគ្រូឧទ្ទេសនាម ព្រមទាំងអនុវត្តមេរៀន ប្រកបដោយវិន័យ និងយកចិត្តទុកដាក់ខ្ពស់ រហូតបានបញ្ចប់វគ្គដោយជោគជ័យ៕