ជួយគ្នា ក្នុងគ្រាមានអាសន្ន!

13

នៅរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ ក្រុមការងារកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាតំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានយកសម្ភារៈថវិកាសប្បុរស របស់មិត្តអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់ជូនដល់ មិត្តរួមការងារ ០៣នាក់ ដែលធ្លាក់ខ្លួនមានជម្ងឺក្នុងពេលដំណាលគ្នា!
១.លោកវរសេនីយ៍ត្រី លី សេរី មេបញ្ជាការរង មូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក
២.លោកវរសេនីយ៍ត្រី ញ៉ា សាវឿន មេបញ្ជាការរង មូលដ្ឋានអាវុធហត្ថខណ្ឌចំការមន
៣.លោកអនុសេនីយ៍ឯក មាស វុទ្ធី ជំនួយការ មូលដ្ឋានអាវុធហត្ថខណ្ឌពោធិសែនជ័យ

តាមការបញ្ជាក់របស់មន្ត្រីអាវុធហត្ថ ដែលតំណាងឲ្យឯកឧត្តម រ័ត្ន ស្រ៊ាង បានលើកឡើងថា៖ ដោយអនុវត្តតាមគំរូដឹកនាំ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដែលជាមេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការផ្ទាល់ របស់អ្នកជម្ងឺទាំង០៣នាក់ បានយកចិត្តទុកដាក់ប្រមែប្រមូលថវិកា មិត្តរួមការងារអាវុធហត្ថរាជធានីភ្នំពេញតាមសណ្តានចិត្តសប្បុរស បរិច្ចាគជូនដល់ពួកគាត់ ទុកជាការជួយសម្រាលបន្ទុកព្យាបាល សរុបបានថវិកា ២០លានរៀល។

តែដោយយោងតាមស្ថានភាពជាក់ស្តែង លោក លី សេរី មានជម្ងឺធ្ងន់ធ្ងរជាងគេ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបែងចែកថវិកាជូនដល់គាត់១០លានរៀល និងលោក ញ៉ា សាវឿន ៥លានរៀល លោក មាស វុទ្ធី ៥លានរៀល ព្រមទាំងជូនទឹកសុទ្ធម្នាក់៤កេស ទឹកក្រូចដបម្នាក់៤យួរផងដែរ។ ក្នុងនោះទៀតសោត ដោយលោក លី សេរី និង លោក ញ៉ា សាវឿន បានទៅសម្រាកព្យាបាលនៅប្រទេស វៀតណាម ទើបក្រុមការងារតំណាងឲ្យឯកឧត្តម រ័ត្ន ស្រ៊ាង បានប្រគល់សម្ភារៈថវិកាទាំងនោះ ជូនដល់មេបញ្ជាការនិងមេបញ្ជាការរងផ្ទាល់របស់អ្នកជម្ងឺ ឲ្យមកទទួលជំនួស និងចាត់ចែងយកទៅជូនឲ្យដល់ដៃពួកគាត់នៅឯមន្ទីរពេទ្យប្រទេសវៀតណាម រីឯលោក មាស វុទ្ធី ដែលសម្រាកព្យាបាលនៅផ្ទះ ត្រូវបានក្រុមការងារតំណាងឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឌឿក សាមាន ជាមេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ យកសម្ភារៈថវិកា ទៅប្រគល់ជូនដល់លំនៅដ្ឋានតែម្តង។

នេះមិនមែនជាលើកទី១ទេ ជាញឹកញយ គេតែងសង្កេតឃើញ មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញ តែងតែ សស្រាក់ សស្រាំ រួបរួមសាមគ្គី ជួយទុក្ខធុរៈគ្នា គ្រប់ពេលវេលា ចំពោះមិត្តរួមការងារដែលជួបអាសន្ន មិនដែលខកខានម្តងណាឡើយ។