០៩ក្រុងស្រុកក្នុងខេត្តបន្ទាយមានជ័យ ប្រកួតគ្នាលើទឹកដីរាជធានីភ្នំពេញ!

14

នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ នៅលើទីលានបាល់ទាត់ នៃក្លឹបហេបភីស៉្ពត មានកម្មវិធីបើកការប្រកួត បាល់ទាត់ដណ្តើមពានរង្វាន់តំណាងយុវនិស្សិត ខេត្តបន្ទាយមានជ័យកំពុងសិក្សានៅរាជធានីភ្នំពេញឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ថា កម្មវិធីនេះផ្តួចផ្តើមឡើងដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយ មានជ័យ និងមានការជម្រុញគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធបាល់ទាត់កម្ពុជា ហើយឯកឧត្តមផ្ទាល់ ជាអ្នកឧបត្ថម្ភថវិកាទាំងស្រុង ឯការរៀបចំគឺក្រុមការងារកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការណ៍ជាមួយក្រុមតំណាងយុវនិស្សិតខេត្តបន្ទាយមានជ័យ។

ក្នុងឆ្នាំ២០១៧នេះ និស្សិតនៃខេត្តបន្ទាយមានជ័យ ដែលកំពុងសិក្សានៅរាជធានីភ្នំពេញ មានចំនួនប្រមាណជាងពីរពាន់នាក់ ហើយតំណាងយុវនិស្សិតទាំងនេះ បានប្រមែប្រមូលគ្នាបង្កើតជាក្រុមកីឡាបាល់ទាត់ តំណាងក្រុងស្រុករបស់ខ្លួនរស់នៅ មកធ្វីការប្រកួតប្រជែងគ្នា តាមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងតាមការជម្រុញគាំទ្រពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និងមានការឧបត្ថម្ភពី ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង គឺក្នុងគោលបំណងរឹតចំណងមិត្តភាពសាមគ្គីភាពនិស្សិតនៃខេត្តបន្ទាយមានជ័យលើទឹកដីរាជធានីភ្នំពេញ និងជាការបំផុសបំផុលលើកស្ទួយវិស័យកីឡាបាល់ទាត់ ជំរុញការលេងកីឡាដើម្បីសុខភាព អូសទាញយុវជនឲ្យជៀសឆ្ងាយពីគ្រឿងញាន និងអំពើឧបាយមុខផ្សេងៗផងដែរ។

កម្មវិធីប្រកួតប្រជែងនេះ គឺជាលើកទី២ហើយ ដោយរដូវកាលទី១បានប្រារព្ធធ្វើឡើងកាលពីអំឡុងខែសីហា ដល់ខែធ្នូ ឆ្នាំ២០១៦ ហើយមានតែ០៧ក្រុមចូលរួមប៉ុណ្ណោះ តែក្នុងឱកាសចូលរួមជាគណអធិបតី នៅថ្ងៃបិទការប្រកួត កាលពីរដូវកាលទី១ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានជម្រុញឲ្យតំណាងយុវនិស្សិតធ្វើយ៉ាងណា គៀងគរក្រុមកីឡាករ ជានិស្សិតខេត្តបន្ទាយមានជ័យមករៀននៅភ្នំពេញ ប្រមូលផ្តុំគ្នាឲ្យបាន០៩ក្រុម តំណាងក្រុងស្រុកទាំង០៩ នៃខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមប្រកួតប្រជែង ដោយឯកឧត្តម រ័ត្ន ស្រ៊ាង សន្យាថានឹងចំណាយលើការរៀបចំកម្មវិធីទាំងស្រុង។

ដូចតាមការសំណូមពរ និងការសន្យា នៅឆ្នាំ២០១៧នេះ តំណាងយុវនិស្សិតខេត្តបន្ទាយមានជ័យ បានប្រមូលផ្តុំក្រុមកីឡាករ គ្រប់ចំនួន០៩ក្រុម មកធ្វើការប្រកួត ក្រោមការឧបត្ថម្ភទាំងស្រុងពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដែលក្រុមទាំងនោះមាន តំណាងយុវនិស្សិតមកពី ក្រុងប៉ោយ ក្រុងសិរីសោភ័ណ ស្រុកមង្គលបូរី ស្រុកព្រះនេត្រព្រះ ស្រុកភ្នំស្រុក ស្រុកថ្មពួក ស្រុកស្វាយចេក ស្រុកអូរជ្រៅ និងស្រុកម៉ាឡៃ ។ ការប្រកួត បានបែងចែកជា២ពូល ប្រកួតឆ្លាស់គ្នា រាល់ថ្ងៃសៅរ៍ និងអាទិត្យ ដោយចាប់ផ្តើមពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧តទៅ។