ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានប្រាប់ពីអារម្មណ៍ភ្ញាក់ផ្អើលនិងក្តុកក្តួល ដល់មិត្តភក្តិរួមជំនាន់សាលាបាក់ទូក ក្នុងឱកាសចុះសួរសុខទុក្ខ អតីតអ្នកគ្រូ សាលាបាក់ទូក ជួបការលំបាក!

1

ពាក្យចាស់លោកពោលថា ផឹកទឹកនឹកដល់ប្រភព ជ្រកម្លប់នឹកដល់អ្នកដាំ បានដិតដាមចាំ ដល់ជនជាតិខ្មែរគ្រប់ជំនាន់ ព្រមជាមួយគ្នានេះ ក៏មានអតីតសិស្សសាលាបាក់ទូកមួយក្រុម ឋិតក្នុងវ័យបច្ឆិម ក៏បានប្រមូលផ្តុំគ្នា បំពេញនូវកត្តញ្ញូតាធម៌ និងគុណធម៌ ជួយដល់អតីតលោកគ្រូអ្នកគ្រូដែលបានចូលនិវត្តន៍ឋិតក្នុងស្ថានភាពចាស់ជរា ជួបការខ្វះខាតឬធ្លាក់ខ្លួនមានជំងឺ ក៏ដូចជា ជួយដល់មិត្តឯទៀតដែលជួបការលំបាក តាមរយៈការបរិច្ចាគពេលវេលានិងធនធានផ្ទាល់ខ្លួន ចែករំលែកជូនដល់ពួកគាត់ ស្របតាមសុភាសិតបុរាណខាងលើ និងស្របតាមពាក្យស្លោកដែលក្រុមពួកគាត់បានបង្កើតឡើងថា “សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក”។ជាថ្មីម្តងទៀតនារសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ អតីតមិត្តភក្តិរួមជំនាន់សាលាបាក់ទូកមួយក្រុមនេះដដែល នាំមុខដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកថវិកាចំនួន២០លានរៀល ផ្លែឈើ២កន្រ្តក និង ភេសជ្ជៈជាច្រើន ទៅប្រគល់ជូន អតីតអ្នកគ្រូនៃសាលាបាក់ទូកចំនួន០២នាក់គឺអ្នកគ្រូ ថាយ ឈីវ ដែលបានចូលនិវត្តន៍ ធ្លាក់ខ្លួនជរានិងមានជំងឺ ទៅណាពុំរួច សម្រាកនៅតែផ្ទះ និង អ្នកគ្រូ អៀង សុជាតិ បានចូលនិវត្តន៍ដូចគ្នា ជរាជួបការលំបាកនិងមានជំងឺប្រចាំកាយលើសឈាម សម្រាកនៅផ្ទះដូចអ្នកគ្រូ ថាយ ឈីវ ផងដែរ។អតីតសិស្សសាលាបាក់ទូកស្ថិតក្នុងក្រុមដែលបានទៅសួរសុខទុក្ខអ្នកគ្រូទាំងពីរ បានបង្ហាញនូវមនោសញ្ចេតនានឹករលឹក និងក្តុកក្តួល បំផុតពេលបានឃើញស្ថានភាពរបស់អតីតអ្នកគ្រូពួកខ្លួនជួបការលំបាកយ៉ាងដូច្នេះ។ ក្នុងឱកាសនោះ ស្រាប់តែលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានប្រាប់ពីអារម្មណ៍ភ្ញាក់ផ្អើលលាយឡំដោយការក្តុកក្តួលជាពិសេសលើសគេ ប្រាប់ដល់មិត្តភក្តិទាំងអស់ ឲ្យដឹងថា ក្រៅពីមនោសញ្ចេតនានឹករលឹកនិងអាណិតអាសូរដល់អ្នកគ្រូ អ្វីដែលធ្វើឲ្យលោកភ្ញាក់ផ្អើលបំផុតនោះ គឺផ្ទះដែលអ្នកគ្រូ ថាយ ឈីវ កំពុងរស់នៅ ក៏ជាផ្ទះដែលលោកធ្លាប់រស់នៅកាលពីជាង៣០ឆ្នាំមុនផងដែរ គឺនៅពេលដែលលោកទើបរៀបការថ្មីៗ ផ្ទះជាន់ទី១នេះហើយ ជាផ្ទះដែលលោកបានប្រជ្រៀតគ្នារស់នៅជាមួយភរិយាព្រមទាំងសាច់ថ្លៃនិងឪពុកម្តាយក្មេក រហូតបានកូនប្រុសទី១ ហើយក្រោយមកលោកត្រូវបានថ្នាក់លើផ្លាស់ប្តូរឲ្យទៅបំពេញការងារនៅតាមព្រំដែនវៀតណាមនិងព្រំដែនថៃ លោកនិងភរិយាព្រមទាំងកូន ក៏បានចាកចេញពីផ្ទះដ៏កំសត់នេះ ទៅរស់នៅតាមតម្រូវការការងារ ហើយផ្ទះនេះក៏ត្រូវបានម្តាយក្មេក ដាក់លក់បន្តគ្នា រហូតបានមកជាកម្មសិទ្ធិ អ្នកគ្រូ ថាយ ឈីវ តែម្តង។ បានឃើញផ្ទះអ្នកគ្រូ ថាយ ឈីវ នាពេលនេះ ក៏បានធ្វើឲ្យ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នឹកស្រណោះដល់ថ្ងៃចាប់ដៃកសាងជីវិតជាមួយភរិយា និងធ្លាប់រស់នៅក្នុងផ្ទះកម្សត់កម្រនេះជាមួយគ្នា តាំងពីនៅបាតដៃទទេ រហូតរើចេញ ទើបត្រឡប់មកវិញម្តងទៀតក្នុងថ្ងៃនេះផងដែរ បើទោះបីជាស្ថានភាពខ្លះនៃផ្ទះត្រូវបានផ្លាស់ប្តូរ តែមនោសញ្ចេតនារបស់លោក ដែលដិតដាមជាមួយផ្ទះនេះ គឺនៅតែជ្រាលជ្រៅដដែល។រយៈពេលជាង៣០ឆ្នាំមកហើយ ដែលលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចាកចេញពីភ្នំពេញ ទៅបំពេញការងារនៅឯខេត្តជាប់ព្រំដែនវៀតណាមនិងថៃ គឺលោកមិនដែលសូវបានជួបមុខអតីតមិត្តរួមជំនាន់សាលាបាក់ទូក ក៏ដូចជាអតីតលោកគ្រូអ្នកគ្រូនោះទេ តែបន្ទាប់ពីលោកបានផ្លាស់ប្តូរពីមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ មកបំពេញការងារជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៣ លោកក៏បានស្វះស្វែងរកជួបមិត្តភក្តិនិងអតីតលោកគ្រូអ្នកគ្រូ និងបានចងក្រងជាក្រុម ក្នុងបណ្តាញទំនាក់ទំនងសង្គមWhatsApp ជាច្រើនរយនាក់ ដើម្បីបានធ្វើការទំនាក់ទំនងសួរសុខទុក្ខគ្នា ផ្តល់កម្លាំងចិត្តឲ្យគ្នា ជួយគ្នាទៅវិញទៅមក ជួយដល់អតីតលោកគ្រូអ្នកគ្រូ ជាពិសេសគឺបានរួមគ្នា បរិច្ចាគធនធានផ្ទាល់ខ្លួនកសាងសមិទ្ធិផលនានាជាច្រើន ក្នុងសាលាដែលពួកខ្លួនធ្លាប់រៀនជាមួយគ្នា រហូតក្លាយទៅជា វប្បធម៌សាមគ្គីមួយ ជួយគ្នាគ្រប់ពេលមានទុក្ខលំបាក ជាគំរូដល់អ្នកជំនាន់ក្រោយផងដែរ៕