អតីតនិស្សិតបញ្ចប់ការសិក្សា នៅបណ្ឌិត្យសភាយោធា និងមហាវិទ្យាល័យភូមិន្ទយោធា ដាន់ទ្រូន ប្រទេសអូស្ត្រាលី ចំនួន០៨នាក់ រួមគ្នាបំពេញការងារ មនុស្សធម៌ នាំយកអំណោយចែកជូនដល់ ចាស់ជរាគ្មានទីពឹង ០៣គ្រួសារ!

0

ទោះមានឬក្រ ការធ្វើអំពើល្អ គឺអាចធ្វើតាមលទ្ធភាព ទោះមិនអាចជួយ មនុស្សបានគ្រប់គ្នា ត្រឹមជួយអ្នកដែលខ្សត់ខ្សោយ ជាងយើងតែប៉ុន្មាននាក់ដោយសទ្ធាជ្រះថ្លា គឺជាបុណ្យយើងហើយ។នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ អតីតនិស្សិតបញ្ចប់ការសិក្សា នៅបណ្ឌិត្យសភាយោធា និងមហាវិទ្យាល័យភូមិន្ទយោធា ដាន់ទ្រូន ប្រទេសអូស្ត្រាលី ចំនួន០៨នាក់ ដែលមាន លោក សៀ ទីន, លោក ផន ឬទ្ធីស័ក្កិ, លោក ឈន បូរី, លោក សួន វិទូ, លោក រ៉ា ភិរុណ, លោក ប៊ុន ចាន់វិចិត្រ, លោក ចន្ថា សុធារិទ្ធិ, លោក ផន ដាវីដ បានរួមគ្នានាំយកអំណោយមួយចំនួន ដែលចេញពីការបរិច្ចាគធនធានផ្ទាល់ខ្លួន ទៅប្រគល់ជូនដល់ គ្រួសារចាស់ជរាគ្មានទីពឹង ជួបនូវបញ្ហាខ្វះខាត ចំនួន០៣គ្រួសារ ដល់ផ្ទះ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ក្នុងនោះរួមមាន៖ ទី១៖គ្រួសារលោកយាយ ម៉ី សាវ៉ន អាយុ៧៧ឆ្នាំ ជាស្រ្តីមេម៉ាយ គ្មានដីគ្មានផ្ទះ សុំជ្រកកោនរស់នៅជាមួយនឹងគេ ក្នុងភូមិ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ទី២៖គ្រួសារលោកយាយ ចាន់ នី អាយុ៧២ឆ្នាំ ជាស្រ្តីមេម៉ាយ គ្មានដីគ្មានផ្ទះ សុំជ្រកកោនរស់នៅជាមួយនឹងគេ ក្នុងភូមិ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ទី៣៖គ្រួសារលោកយាយ រស់ ភាព អាយុ៦៥ឆ្នាំ (ពិការ) មានប្តីឈ្មោះ កង រី អាយុ៨៣ឆ្នាំ មុខរបរដើរលក់ថ្នាំខ្មែរ គ្មានដីគ្មានផ្ទះ សុំជ្រកកោនរស់នៅជាមួយនឹងគេ ក្នុងភូមិ២៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

អំណោយដែលបានយកប្រគល់ជូនដល់គ្រួសារទាំង០៣ខាងលើ ក្នុងមួយគ្រួសារគឺទទួលបាន ថវិកាចំនួន ៥០ម៉ឺនរៀល, អង្ករ០១បាវ៥០គីឡូក្រាម, មី២កេស, ត្រីខ០១យួរ, ទឹកស៊ីអីវ០១យួរ, ទឹកត្រី០១យួរ, ទឹកសុទ្ធ០១កេស, ទឹកដោះគោឆៅ០១យួរ, ភេសជ្ជៈ០១កេស, សាច់ជ្រូកផាត់កន្លះគីឡូក្រាម, ត្រីងៀត០១គីឡូក្រាម, សាច់ក្រក០១គីឡូក្រាម, សៀង០១យួរ, មុង០១, ភួយ០១,កន្សែង០១ និងសម្ភារមួយចំនួនទៀត ទុកជាការចែករំលែក ជួយសម្រាលបន្ទុកដល់ ចាស់ជរាគ្មានទីពឹងទាំង០៣គ្រួសារ ដែលកំពុងមានការខ្វះខាតជាក់ស្តែងនេះផងដែរ៕