គុណធម៌ខ្មែរ!

4

គុណធម៌…ជាពាក្យមួយដែលយើងធ្លាប់បានលឺ ធ្លាប់បានចេះដឹង និងទន្ទេញជាប់មាត់គ្រប់ៗគ្នា ។ តាមការបកស្រាយនៅក្នុង វចនានុក្រមរបស់សម្តេចសង្ឃ ជួន ណាត គុណធម៌ មានន័យថា ជាសេចក្តីល្អ សេចក្តីបរិសុទ្ធ សេចក្តីអាណិតប្រណី របស់បុគ្គលម្នាក់ៗ ដែលមានចំពោះអ្នកដ៏ទៃនៅជុំវិញខ្លួន។

ពាក្យថាគុណធម៌មួយនេះ ត្រូវបានមនុស្សយើង សម្តែងឡើងទៅតាមកាយវិកាផ្សេងៗខុសគ្នាជាច្រើន ដូចជា៖ គុណធម៌ចំពោះឪពុកម្តាយ គុណធម៌ចំពោះសាច់ញាតិ គុណធម៌ចំពោះចាស់ព្រឹទ្ធាចារ្យ គុណធម៌ចំពោះគ្រូបាអាចារ្យ គុណធម៌ចំពោះថ្នាក់ដឹកនាំ គុណធម៌ចំពោះអ្នកនៅក្រោមឱវាទដែលមានឋានៈតូចទាបជាងខ្លួន គុណធម៌ចំពោះមិត្តភក្តិ គុណធម៌ចំពោះអ្នកក្រក្សត់ និងមានគុណធម៌ផ្សេងៗទៀតជាច្រើនផងដែរ…..។

ដោយឡែកនៅថ្ងៃនេះយើងក្រឡេកមកមើល អតីតសិស្សសាលាបាក់ទូកនៃរាជធានីភ្នំពេញមួយក្រុម ដែលបានប្រមូលផ្តុំគ្នា ជាង២០០នាក់ តាមរយៈការចងក្រងជាក្រុមនៅក្នុងបណ្តាញទំនាក់ទំនងសង្គម ក្រោមការផ្តួចផ្តើមគំនិត របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីរួមគ្នាធ្វើការចែករំលែកធនធាន ចែករំលែកពេលវេលា ចែករំលែកគំនិតយោបល់ ជួយដល់ទុក្ខធុរៈមិត្តភក្តិ ដែលជួបការលំបាក ផ្សេងៗ ក៏ដូចជាយកចិត្តទុកដាក់តាមដានសុខទុក្ខនិងជួយទំនុកបម្រុង ដល់អតីតលោកគ្រូអ្នកគ្រូ របស់ពួកគាត់ ព្រមទាំងជួយកសាងអភិវឌ្ឍន៍ សមិទ្ធិផលមួយចំនួនក្នុងសាលា ដែលពួកគាត់ធ្លាប់បានរៀន ធ្លាប់បានទទួលចំណេះដឹង និងធ្លាប់ជាកន្លែងដែលផ្តល់ឱកាសឲ្យពួកគាត់បានស្គាល់រាប់អានគ្នា។

នេះគឺជាកាយវិកាគុណធម៌ ចំពោះមិត្តភក្តិនិងគ្រូបង្រៀន ដែលពួកគាត់សម្តែងឡើង តាមរូបភាពសាមគ្គី រួបរួមគ្នាជាថ្លុងមួយ ជួយគ្នាទៅវិញទៅមក។