ការរីកចម្រើន ក្បាច់គុណប្រដាល់បុរាណខ្មែរ!

14

អស់រយៈកាលជាច្រើនទស្សវត្សមកហើយ ដែលវិស័យក្បាច់គុណបុរាណខ្មែរ ត្រូវបានបាត់បង់កិត្យានុភាព ធ្លាក់អន់ថយ ស្ទើរតែបាត់ឈ្មោះ ព្រោះតែប្រទេសកម្ពុជាយើង ធ្លាក់ខ្លួនលង់ចូលក្នុងភ្នក់ភ្លើងសង្គ្រាម ។ តែសម្រាប់កម្ពុជានាសម័យបច្ចុប្បន្ន ក្រោមដំបូលសន្តិភាព បានធ្វើឲ្យវិស័យកីឡាប្រដាល់ក្បាច់គុណបុរាណខ្មែរ មានការរីកចម្រើន មានមុខមានមាត់ បង្ហាញសមត្ថភាព ដល់សកលលោក បានស្គាល់ពីភាពខ្លាំងនៃក្បាច់គុណបុរាណខ្មែរ។

ជាក់ស្តែងថ្មីៗនេះនៅក្នុងកម្មវិធីប្រកួតកីឡាស៊ីហ្គេមលើកទី២៩ ឆ្នាំ២០១៧ កម្ពុជាបានមានកិត្តិយស នាំយកកីឡាករប្រដាល់ក្បាច់គុណបុរាណខ្មែរ ទៅចូលរួមប្រកួតចំនួន០៥នាក់ និងទទួលបានមេដាយចំនួន០៤ មកជូនជាតិមាតុភូមិ រួមមានមេដាយសំរិទ្ធចំនួន២ មេដាយប្រាក់ចំនួន១ និងមេដាយមាសចំនួន១។

ហើយម្ចាស់មេដាយមាសកម្រិតអន្តរជាតិលើកទី១សម្រាប់កម្ពុជា លើវិញ្ញាសារប្រដាល់ក្បាច់គុណបុរាណខ្មែរនេះគឺ ឃុន ឌីម៉ា ហៅ ឃីម ឌីម៉ា ដែលជាកីឡាករនៃក្លឹបប្រដាល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយក៏ជាសមាជិក គ-អន្តរាគមន៍ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញផងដែរ ។

ទន្ទឹមជាមួយជោគជ័យប្រកបដោយកិត្តិយសដែលឌីម៉ាទទួលបាននេះ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានជួបសំណេះសំណាល អប់រំទូន្មានក្រើនរំលឹកដល់ឌីម៉ា ក្នុងការរៀបចំដំណើរជីវិត តទៅអនាគត និងបានជប់លៀងអបអរសាទរ ឃីម ឌីម៉ា រួមនិងកីឡាករប្រដាល់០៤រូបទៀត ដែលបានរួមគ្នានាំយកក្បាច់គុណបុរាណខ្មែរ ទៅដល់ឆាកអន្តរជាតិ។