នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដំណើរដោយ អជ្ញាធរមូលដ្ឋាន ព្រមទាំងសហការី និងមន្ត្រីកងរាជអាវុធហត្ថជាច្រើនរូប បានចុះត្រួតពិនិត្យការដ្ឋានជួសជុលកំណាត់ផ្លូវចូល ទៅកាន់វត្ត កែវមុនី(ហៅវត្តគោករលួស) ស្ថិតក្នុងភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានប្រវែងប្រមាណ ១០០០ម៉ែត្រ និងបានចាប់ផ្តើមដំណើរការឈូសឆាយ កៀរកិនបង្ហាប់តាំងពីថ្ងៃទី០៦ខែសីហា ឆ្នាំ២០១៧ ដោយក្រុមការងារវិស្វកម្ម កងរាជអាវុធហត្ថរាជធានីភ្នំពេញ ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលជាម្ចាស់សំណូមពរ សុំឲ្យមានការជួសជុលផ្លូវ និងជាអ្នកទទួលផលដ៏សំខាន់លើការប្រើប្រាស់ផ្លូវនេះ ដោយបាននាំយកនូវ អាហារសម្រន់ មាននំប៉័ង ការ៉េម ទឹកសុទ្ធ ចែកជូនដល់ ប្រជាពលរដ្ឋ យុវជន យុវនារី កុមារា កុមារី ដែលបានមករង់ចាំទទួលស្វាគមន៍ឯកឧត្តម ព្រមទាំងសិស្សានុសិស្សនៅសាលាបឋមសិក្សា កែវមុនី សរុបមានចំនួនប្រមាណ ជាង៥០០នាក់ ចូលរួមហូបជាមួយគ្នា ប្រកបដោយភាពសាមញ្ញនិងស្និតស្នាលកក់ក្តៅបំផុត ។