ម៉ូតូ០១គ្រឿង ក្នុងចំណោមម៉ូតូ០៣គ្រឿង ដែលអាវុធហត្ថរាជធានីភ្នំពេញ ប្រកាសស្វែងរកម្ចាស់ កាលពីម្សិលមិញ ត្រូវបានម្ចាស់មកទទួលយកទៅវិញ!

0

នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ ផេកផ្លូវការរបស់អាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការប្រកាសស្វែងរកម្ចាស់ម៉ូតូចំនួន០៣គ្រឿង ដែលជាម៉ូតូពាក់ព័ន្ធករណីចោរកម្ម ហើយបានយកមកទុក នៅចំណុចកន្លែងផ្ញើម៉ូតូ ២៤ម៉ោង/២៤ម៉ោង មុខផ្សារដីថ្មី ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បន្ទាប់ពីបានប្រកាសស្វែងរកម្ចាស់ម៉ូតូចំនួន០៣គ្រឿងរួចមក នៅរសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ម៉ូតូ០១គ្រឿង ម៉ាក Dream 125 ពណ៌ខ្មៅ ស្លាកលេខ ព្រៃវែង 1T-7338 ត្រូវបានម្ចាស់ឈ្មោះ គ្រាង រ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៥៨ ភូមិកំពង់ពោធិ៍ ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង បានយកឯកសារមកបង្ហាញដល់សមត្ថកិច្ចអាវុធហត្ថបញ្ជាក់ថាជាម្ចាស់ម៉ូតូពិតប្រាកដ និងទទួលយកទៅវិញហើយ។ ដែលម៉ូតូមួយនេះ ម្ចាស់ម៉ូតូបញ្ជាក់ថា ត្រូវបានក្រុមជនសង្ស័យបានធ្វើសកម្មភាពលួចកាច់កពីភូមិ ព្រៃស្នៀតខាងលិច ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយខ្លួនមិនបានប្តឹងសមត្ថកិច្ច អាវុធហត្ថ ឲ្យបានដឹងពីព័ត៌មានស្តីពីការលួចនេះទេ តែបែរជាបានឃើញអាវុធហត្ថយកម៉ូតូរបស់ខ្លួន ដែលចោរបានលួចទៅ ហើយនោះ មកប្រកាសស្វែងរកម្ចាស់នៅលើផេកកងរាជអាវុធហត្ថ ដែលធ្វើឲ្យខ្លួនមានការភ្ញាក់ផ្អើល និងរំភើបបំផុត មិននឹកស្មានថា នឹងអាចរកម៉ូតូ០១គ្រឿង របស់ខ្លួននេះឃើញមកវិញឡើយ៕