នៅវេលាម៉ោង២៣:៣០នាទីយប់ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោកបានឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ នៅចំណុចផ្លូវ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
+ជនសង្ស័យទាំង០២នាក់មានឈ្មោះ ៖
១.ឈ្មោះ ថា ប៊ុនថង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងដែក ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិ ទួលពង្រសង្កាត់ចោមចៅ ខណ្ឌពោធ៍សែនជ័យ។
២.ឈ្មោះ ប្រាក់ បូរ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទ្រា ផ្លូវលំ ក្រុមទី០៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
កម្លាំងជំនាញអាវុធហត្ថខណ្ឌទួលគោកបានឲ្យដឹងថា នៅវេលាម៉ោង២៣:៣០នាទីយប់ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខណ្ឌទួលគោកបានចេញល្បាតដើម្បី បង្ការ បង្ក្រាប បទល្មើសនៅក្នុងភូមិសាស្រ្តរបស់ខ្លួន លុះដល់ចំណុចកើតហេតុខាងលើ ក៏បានឃើញជនសង្ស័យទាំង០២នាក់ កំពុងជិះម៉ូតូយ៉ាងលឿន ដោយមានការសង្ស័យ កម្លាំងល្បាតក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់យកមកសួរនាំនៅមូលដ្ឋានអាវុធហត្ថខណ្ឌ។
ក្រោយពេលសាកសួរជនសង្ស័យទាំង០២នាក់បានសារភាពឲ្យដឹងថា ពួកគេបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ០១គ្រឿងបានសម្រេច នៅម្ដុំគល់ស្ពានស្ទឹងមានជ័យ ហើយក៏មានគេដេញតាមពីក្រោយទើបពួកគេជិះគេចខ្លួនដល់ចំណុចកើតហេតុក៏ត្រូវសម្ថកិច្ចអាវុធហត្ថឃាត់ខ្លួនតែម្ដង។
បច្ចុប្បន្ន ជនសង្ស័យទាំង០២ខាងលើ ត្រូវបានបញ្ជូនទៅ ការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមនិតិវិធីច្បាប់៕