កាលពីវេលាម៉ោង១៣:១៧នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានទទួលបណ្តឹងពីជនរងគ្រោះឈ្មោះ ឈរ ស៊ីម ភេទប្រុស អាយុ ២៤ឆ្នាំ ដែលត្រូវបានចោរលួចម៉ូតូ ម៉ាក SUZUKI Smash ពណ៍ខ្មៅ សេរ៊ី ឆ្នាំ២០០៩ ស្លាកលេខ ភ្នំពេញ 1AS-5489 កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង២០:៣០នាទីយប់ នៅចំណុចភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ។
ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានកំណត់មុខសញ្ញាស្រាវជ្រាវ រហូតឈានដល់ការ បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ០២នាក់ កាលពីវេលាម៉ោង១៤:៣០នាទីថ្ងៃ០៣ សីហា ឆ្នាំ២០១៧នៅចំណុច ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មាន៖
១/ ឈ្មោះ ស៊ីម លីម ភេទប្រុស អាយុ ២៤ឆ្នាំ
២/ ឈ្មោះ រឿង សុងយ៉ាង ហៅតំ ភេទស្រី ៣០ឆ្នាំ
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ ០២នាក់ ខាងលើ យកមកសួរនាំរួច កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានស្រាវជ្រាវ បន្ត យ៉ាងយកចិត្ដទុកដាក់ ទើបនៅវេលាម៉ោង១៥:០០នាទី ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ ឃាត់ខ្លួនបានជនសង្ស័យ ០១នាក់ (ជាបក្សពួក) ឈ្មោះ លីន ណា ហៅ ខ្នា រី ខ្មៅ ភេទប្រុស អាយុ ៣០ឆ្នាំ រហូតដល់វេលាម៉ោង១៧:៣០នាទី ថ្ងៃដដែល អាវុធហត្ថខណ្ឌមានជ័យ បានបន្តឃាត់ខ្លួនបានជនសង្ស័យ ០១នាក់ ទៀត (ជាបក្សពួក) ឈ្មោះ ម៉ង់ ម៉ៃ ភេទប្រុស អាយុ ២០ឆ្នាំ ។
បច្ចុប្បន្ន ជនសង្ស័យទាំង ០៤នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។