នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន ០៣នាក់ ទៅតុលាការ ពាក់ព័ន្ធករណី គ្រឿងញៀន , ហិង្សាដោយចេតនា , និងរំលោភលើទំនុកចិត្ត។ ជនសង្ស័យទាំង ០៣នាក់ នេះ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ក្រាប និងឃាត់ខ្លួនបានជាបន្តបន្ទាប់គ្នា កាលពីថ្ងៃទី១៨-១៩ ខែកក្កដា ឆ្នាំ២០១៧ ក្នុងនោះមាន៖
១/ ឈ្មោះ យ៉េន ហេងលី ភេទប្រុស អាយុ ១៧ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករា បានស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបាន ពាក់ព័ន្ធករណី ហិង្សាដោយចេតនា កាលពីវេលាម៉ោង១៨:៣០នាទី។ បន្ទាប់ពីជនសង្ស័យខាងលើ រួមជាមួយបក្ខពួក ០៣នាក់ផ្សេងទៀត បានធ្វើសកម្មភាពប្រើដាវកាប់ទៅលើជនរងគ្រោះឈ្មោះ អែម វណ្ណៈ បណ្តាលឲ្យរបួសក្បាល និងថ្ពាល់ស្តាំ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង២២:១០នាទី នៅចំណុចអាគារB បុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ រួចនាំគ្នាគេចខ្លួនបាត់អស់។ លុះដល់ថ្ងៃទី១៨ ខែកក្កដា ទើបសមត្ថកិច្ចអាវុធហត្ថស្រាវជ្រាវចាប់បានម្នាក់។
២/ ឈ្មោះ អៀន ភារះ ភេទប្រុស អាយុ ២៣ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌចំការមន បានបង្រ្កាប និងឃាត់ខ្លន កាលពីវេលាម៉ោង២០:៣០នាទីយប់ ពាក់ព័ន្ធករណីគ្រឿងញៀន រួមនិង ដកហួតក្រាមពណ៍សថ្លាបានចំនួន ០៣កញ្ចប់(ប្រភេទម៉ាទឹកកក) នៅចំណុច អាគារប៊ូឌីញ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
៣/ ឈ្មោះ ឈឿន សុថង ភេទប្រុស អាយុ ១៩ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ធ្វើការបង្ក្រាប និងឃាត់ខ្លួនបាន កាលពីវេលាម៉ោង១១:៤០នាទី ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត នៅចំណុចផ្សារស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើបានប្រើល្បិចខ្ចីម៉ូតូ ០១គ្រឿង ពីជនរងគ្រោះ ឈ្មោះ រស់ តឹងវ៉ា ហៅតឿ ភេទប្រុស អាយុ ២៣ឆ្នាំ ម៉ាក SUZUKI Let ពណ៍បៃតងលាយស ស៊េរីឆ្នាំ២០១៣ ស្លាកលេខ បាត់ដំបង 1F-9193 កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១៣:៣០នាទីរសៀលនៅចំណុចការដ្ឋានសំណង់ ភូមិធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ដោយប្រាប់ថាជិះទៅយកឆ្នាំងសាកទួរស័ព្ទរបស់ខ្លួននៅវត្តគៀនស្វាយ ហើយពេលនោះរូបគេក៏ជិះគេចខ្លួនបាត់រហូត។ លុះដល់ថ្ងៃទី១៨ ខែកក្កដា ទើបកម្លាំងមួលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានស្វែងរកជនសង្ស័យខាងលើរហូតឈានដល់ការឃាត់ខ្លួនបានតែម្ដង។