នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ សមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន ០៥នាក់ ទៅតុលាការ ពាក់ករណី លួច(កាច់ ក ម៉ូតូ) និងហិង្សាដោយចេតនា។ ជនសង្ស័យទាំង ០៥នាក់ នោះ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានជាបន្តបន្ទាប់គ្នា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ ក្នុងនោះមាន៖
១/ឈ្មោះ តឹក បូរី ភេទប្រុស អាយុ ២៦ឆ្នាំ ត្រូវបានកម្លាំងមូលដ្នានអាវុធហត្ថខណ្ឌព្រែកព្នៅ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១៥:២០នាទី នៅចំណុចតាមបណ្តោយផ្លូវទំនប់កប់ស្រូវ សង្កាត់កប់ស្រូវធំ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បន្ទាប់ពីរូបគេបានធ្វើសកម្មភាពលួចម៉ូតូ ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៤ ស្លាកលេខ1CM-3763 របស់ជនរងគ្រោះឈ្មោះ គ្រុយ រតនា ហៅញាញ់ ភេទស្រី អាយុ ១៨ឆ្នាំ ដែលចតទុកនៅមុខផ្ទះ ដោយបានចាក់សោរ ក ត្រឹមត្រូវ។ មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមកផ្ទះប៉ារបស់ខ្លួន ហើយទុកម៉ូតូនៅមុខផ្ទះដោយមានចាក់សោរ ក ត្រឹមត្រូវ ហើយឡើងទៅលើផ្ទះ ដើម្បីដាំបាយ ស្រាប់តែពេលនោះ ជនសង្ស័យខាងលើ ជិះម៉ូតូ ជាមួយឈ្មោះ សារ ដែលជាអ្នកឌុប លុះជិះមកដល់មុខផ្ទះជនរងគ្រោះឃើញម៉ូតូ ០១គ្រឿង ចតទុកមុខផ្ទះ ឃើញឳកាសល្អ ជនសង្ស័យខាងលើ ប្រើល្បិចកុហកឈ្មោះ សារ ថាប្រពន្ធឲ្យទៅយកចានឆ្នាំង រូបគេបានចុះពីលើម៉ូតូ ឈ្មោះ សារ នោះក៏ជិះទៅបាត់។ បន្ទាប់មកជនសង្ស័យខាងលើ បានធ្វើសកម្មភាពកាច់ ក លួចយកម៉ូតូរបស់ជនរងគ្រោះតែម្តង។ តែសំណាងមិនល្អ ជួប និងកម្លាំងអាវុធហត្ថខណ្ឌព្រែកព្នៅ ដែលកំពុងហាត់ប្រាណឃើញ ឃាត់ខ្លួនបានភ្លាមៗ នៅ នឹងកន្លែងកើតហេតុផងដែរ។
២/ឈ្មោះ ធួន ធារ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ
៣/ឈ្មោះ សឿន ហន ភេទប្រុស អាយុ ២៣ឆ្នាំ
៤/ឈ្មោះ ភួន វណ្ណៈ ហៅដូ ភេទប្រុស អាយុ ១៩ឆ្នាំ
៥/ឈ្មោះ ភោគ វីរៈ ភេទប្រុស អាយុ ១៩ឆ្នាំ ត្រូវបានកម្លាំងមូលដ្នានអាវុធហត្ថខណ្ឌសែនសុខ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១៩:១០នាទី នៅចំណុចក្លឹបផ្លេរ ផ្លូវ២០០៤ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ខណៈដែលពួកគេបានធ្វើសកម្មភាព វាយទៅលើជនរងគ្រោះ ឈ្មោះ សិត ចិនឌី បណ្តាលឲ្យបែកមាត់ និងបែកក្បាលហូរឈាម។