នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង២១:១៥នាទី កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌចំការមន បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ០១នាក់ ដែលជា ចោរឆក់(ឆក់ទូរស័ព្ទដៃ) ឈ្មោះ ហ៊ឹម រាជ ភេទប្រុស អាយុ ១៦ឆ្នាំ។
ជនសង្ស័យខាងលើរួមជាមួយ និងបក្សពួក ០៣នាក់ទៀត ដែលរត់គេចខ្លួនបាត់បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្ត្រីជាជនរងគ្រោះជិះម៉ូតូ ០១គ្រឿងមានគ្នា ០២នាក់នៅម្ដុំវិមានឯករាជ្យ ក្នុងពេលជាមួយគ្នានោះកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញឃើញក៏បានអន្តារាគមន៏ប្រដេញតាមភ្លាមៗរហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យ ០១នាក់ខាងលើនៅចំណុចមុខអាគារ៤២ជាន់ ផ្លូវព្រះសីហនុ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើ សារភាពប្រាប់សមត្ថកិច្ចអាវុហត្ថឲ្យដឹងថា កាលពីអំឡុង ខែមេសា ឆ្នាំ២០១៧ កន្លងទៅរូបខ្លួន និងបក្សពួក ០៣នាក់ ដែលរត់គេចខ្លួនបាត់ធ្លាប់ធ្វើសកម្មភាពឆក់កាបូបបាន ០១លើករួចមកហើយ នៅចំណុចស្ពានអាកាសក្បាលថ្នល់។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យបង្រ្កាបបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ កំពុងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។ ចំណែកបក្សពួក ០៣នាក់ទៀត សមត្ថកិច្ចជំនាញអាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវស្វែងរកមុខសញ្ញាបន្ត។