នៅវេលាម៉ោង ០៣:៤០នាទី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុច មុខបន្ទប់ជួល ស្ថិតនៅផ្លូវលេខ៥០៨ កែង ផ្លូវ៩៩ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន មានករណីឆក់ទូរស័ព្ទដៃមួយលើកបានសម្រេច ពីជនរងគ្រោះដល់ទៅពីរនាក់ គឺឈ្មោះ ម៉ូវ ឆេងឃាង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅបន្ទប់ជួលលេខ១១ ត្រូវចោរឆក់ទូរស័ព្ទម៉ាក TRUE 4G និងឈ្មោះ ធឿន ដារ៉ា ភេទប្រុស អាយុ15ឆ្នាំ មុខរបរលក់មីឆា ស្នាក់នៅបន្ទប់ជួលលេខ១០ ត្រូវបានចោរឆក់ទូរស័ព្ទម៉ាក Samsung Galaxy J1។ ជនរងគ្រោះទាំងពីរនាក់ខាងលើ ត្រូវចោរឆក់ទូរស័ព្ទដំណាលគ្នា ខណៈពេលដែលពួកគេកំពុងចុច ទូរស័ព្ទលេងនៅមុខផ្ទះ ហើយភ្លាមៗនោះ ជនរងគ្រោះក៏ស្រែកឆោរឡោថា “ចោរៗ” ហើយដេញចាប់ពីក្រោយរហូតដឹងដល់ កម្លាំងល្បាតអាវុធហត្ថខណ្ឌចំការមន ចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបាននៅចំណុចមុខហាងម៉ូតូហុងដា ផ្លូវមុន្នីវង្ស សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ហើយបញ្ជូនទៅការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីស៊ើបអង្កេតបន្ត រីឯទូរស័ព្ទទាំងពីរគ្រឿង របស់ជនរងគ្រោះទាំងពីរនាក់ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌចំការមន ដកហូតពីជនល្មើស ប្រគល់ជូនម្ចាស់ដើមវិញ។ ចំណែកជនសង្ស័យដែលកម្លាំងអាវុធហត្ថឃាត់ខ្លួនបានមានឈ្មោះ
១/ ឈ្មោះ យ៉ាន់ ថាវ៉ាត់ ភេទប្រុស អាយុ១៧ឆ្នាំ គ្មានមុខរបរ មានទីលំនៅបុរីចំការស្វាយ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
២/ ឈ្មោះ ទ្រី ប៉ារ៉ាម៉េង ភេទប្រុស អាយុ១៦ឆ្នាំ គ្មានមុខរបរ មានទីលំនៅផ្ទះលេខ៣៨៧ ផ្លូវ៣៦៩ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។