នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០៦នាក់ ដែលសុទ្ធតែជាចោរស្ទាវវ័យក្មេង មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ ដោយមាន០២នាក់ជាចោរឆក់ដ៏សកម្ម និង០៤នាក់ទៀត ជាចោរប្លន់ដៃឆៅ ប្រើតែសាំមុរ៉ៃ។
ចោរឆក់០២នាក់ដែលអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនបានមានឈ្មោះ ជូន វីរៈសត្យា ភេទប្រុស អាយុ ១៥ឆ្នាំ និង ឈ្មោះ មាស ភីម ភេទប្រុស អាយុ ១៥ឆ្នាំ ធ្លាប់ឆក់បានសម្រេចរហូតដល់ទៅ12ដង អស់ល័ក្ខត្រឹមលើកទី13 កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១៧:៣០នាទី ដោយបានធ្វើសកម្មភាពឆក់ទូរស័ព្ទដែពីជនរងគ្រោះ ឈ្មោះ ជឹម ស្រីនិច ភេទស្រី អាយុ ២២ឆ្នាំ ហើយត្រូវបានកម្លាំងល្បាតរបស់អាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួនបានភ្លាមៗតែម្តង។ ចំណែកទូរស័ព្ទដែ ដែលដកហូតបានពីជនសង្ស័យខាងលើ ត្រូវបានប្រគល់ជូនទៅជនរងគ្រោះ ដែលជាម្ចាស់ដើមវិញ។
ជនសង្ស័យបានសារភាពបន្ថែមថា សកម្មភាពដែលពួកគេឆក់ ១២លើកកន្លងមក ច្រើននៅម្តុំ មុខពេទ្យកាល់ម៉ែត ផ្សារចាស់ ផ្សារកណ្តាល និងផ្លូវព្រះស៊ីសុវត្ថិ (មាត់ទន្លេនិងមុខវាំង)។
ចំនែកឯចោរប្លន់វ័យក្មេង ចិត្តស្លុយ ឈាមរាវ ដៃឆៅ៤នាក់ទៀតមានឈ្មោះ សេង សំណាង ភេទប្រុស អាយុ ១៧ឆ្នាំ
ឈ្មោះ គង់ សុខណារ៉ូ ហៅឈិត ភេទប្រុស អាយុ ១៦ឆ្នាំ ឈ្មោះ យ៉ង់ ប៊ុនថេន ភេទប្រុស អាយុ ១៧ឆ្នាំ និងឈ្មោះ
គិត ពេជ្រដារ៉ូ ភេទប្រុស អាយុ ១៨ឆ្នាំ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្នុងថ្ងៃទី២១ និង២២ ខែមិថុនា ឆ្នាំ២០១៧ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពប្រើដាវសាំមុរ៉ៃ កាប់ប្លន់ជនរងគ្រោះ ឈ្មោះ ផុន សៀងលី និងឈ្មោះ សុង ចាន់សុខហេង យកម៉ូតូ ០១គ្រឿងម៉ាក ស៊ុយស៊ុយគីនិច ពណ៍សលាយខ្មៅ ស្លាកលេខ កណ្តាល 1S-7124 ខណៈដែលជនរងគ្រោះកំពុងធ្វើដំណើរតាមផ្លូវ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយបណ្តាលឲ្យជនរងគ្រោះឈ្មោះ ផុន សៀងលី រងរបួសត្រង់សាច់ដុំដៃឆ្វេងជាទម្ងន់ ។ ក្រៅពីធ្វើសកម្មភាពកាប់ប្លន់ម៉ូតូក្នុងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ កន្លងមក ជនសង្ស័យទាំង៤បានសារភាពបន្ថែមថា កាលពីអំឡុងខែឧសភា ឆ្នាំ២០១៧ ក្រុមខ្លូនធ្លាប់បានធ្វើសកម្មភាពកាប់ប្លន់ម៉ូតូ ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ ស្លាកលេខ កំពត 1H-1721 បានសម្រេចម្តងរួចមកហើយ ដោយប្រើដាវសាំមុរ៉ៃ ដេញកាប់ជនរងគ្រោះឲ្យរត់ចោលម៉ូតូ នៅផ្លូវ៦០ដែរ។
PhnomPenhGRK