ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ សមត្ថកិច្ចជំនាញនៃការិយាល័យបង្រ្កាបបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរ ០២នាក់ ដែលរួមគំនិតគ្នាវាយប្លន់យកម៉ូតូ ទៅតុលាការ ដែលក្នុងនោះមាន៖
១/ ឈ្មោះ ឌឿន ធី ហៅរ៉ូ ភេទប្រុស អាយុ ២៦ឆ្នាំ , ២/ ឈ្មោះ ដេត ឋានៈ ហៅឈៀវ ភេទប្រុស អាយុ ២២ឆ្នាំ
ពួកគេទាំង ០២នាក់ នេះ បានធ្វើសកម្មភាពវាយប្លន់យកម៉ូតូ ០១គ្រឿង ម៉ាកហុងដា ប៊ីត ពណ៍ក្រហម លាយស ស៊េរី ឆ្នាំ២០១៧ ស្លាកលេខ ភ្នំពេញ 1GP-9652 ពីជនរងគ្រោះ ឈ្មោះ កឿន សេងហ៊ួរ ភេទប្រុស អាយុ ១៨ឆ្នាំ កាលពីវេម៉ោង២០:២០នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ខណ:ពេលដែលជនរងគ្រោះ ឈ្មោះ កឿន សេងហ៊ួរ និង មិត្តភក្កិ ឈ្មោះ យ៉ាវណាលីន ហុងណារ៉ូ បានចេញពីរៀន នៅសាលា វ៉ាន់ដា ដោយជិះម៉ូតូដែលមានភិនភាគដូចខាងលើ ឌុបគ្នា ក្នុងគោលបំណងទៅដើរលេងនៅវិមានឯករាជ្យ លុះពេលជិះដល់ចំណុចផ្លូវ១៤៣ កែង៣៩៦ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ក៏មានម៉ូតូ ០២គ្រឿង ម៉ាកហុងដាប៊ីត ពណ៍ស និងម៉ាកអ៊ែរប្លេក ពណ៍ស ដោយក្នុងមួយគ្រឿងជិះគ្នា ០២នាក់ បានជិះដេញតាមម៉ូតូរបស់ជនរងគ្រោះ ដែលកំពុងជិះឌុបគ្នាលើដងផ្លូវ នៅចំណុចខាងលើ ស្របពេលនោះពួកវាបានលោតចុះពីលើម៉ូតូ ហើយបានយកមួកការពារ និងដុំថ្ម វាយទៅលើជនរងគ្រោះ បណ្ដាលឲ្យរបួសបែកក្បាលហូរឈាម យ៉ាងដំណំ ហើយពួកវាបានស្រែកគំរាមបាញ់ បណ្ដាលឲ្យជនរងគ្រោះមានការភិតភ័យ ក៏រត់គេចខ្លួនចោលម៉ូតូបាត់តែម្ដង ចំណែកម៉ូតូរបស់ជនរងគ្រោះ ដែលពួកវាគំរាម ប្លន់ បាននោះ ពួកវា បានប្តូរស្លាកលេខពី ភ្នំពេញ 1GP-9652 ទៅ 1GR-5729 វិញ។
ក្រោយពីបានទទួលបណ្ដឹងពីជនរងគ្រោះភ្លាម កម្លាំងអាវុធហត្ថមូលដ្ឋានខណ្ឌចំការមន បានសហការណ៍ជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យបង្រ្កាបបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ យ៉ាងសស្រាក់សស្រាំ និងកំណត់មុខសញ្ញារហូតឈានដល់ការឃាត់ខ្លួន ជនដៃដល់ដែលជាចោរ ០២នាក់ ខាងលើនេះ តែម្តង កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង០៣:១៥នាទី ទាបភ្លឺ នៅចំណុចក្នុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕