ចោរឆក់ប៉ាវតំបន់ ០៣នាក់ ជាប់អន្ទាក់អាវុធហត្ថ!

13

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរឆក់០៣នាក់ ទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ ។

ក្រុមចោរឆក់ទាំង០៣នាក់នេះ គឺជាចោរឆក់ប៉ាវផ្តាច់តំបន់ក្នុងខណ្ឌសែនសុខនិងខណ្ឌទួលគោក ដែលធ្វើសកម្មភាពឆក់ និង ភ្ជង់ប្លន់ដោយប្រើកាំភ្លើងបាញ់គ្រាប់ឃ្លី យកទូរស័ព្ទដៃនិងទ្រព្យសម្បតិមានតម្លៃ ពីប្រជាពលរដ្ឋតាមដងផ្លូវ ក្នុងភូមិសាស្ត្ររបស់ខ្លួនជាហូរហែរ។

ដើមហេតុដែលនាំឲ្យកម្លាំងអាវុធហត្ថឃាត់ខ្លួនក្រុមចោរទាំងនេះបាន គឺដំបូងឡើយនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨ មានប្រជាពលរដ្ឋម្នាក់បានរាយការណ៍តាមទូរស័ព្ទដោយផ្ទាល់ ទៅកាន់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយប្រាប់ថារូបគាត់ ឃើញក្មេងស្ទាវ០២នាក់ ជិះម៉ូតូ០១គ្រឿង បានយកកាំភ្លើងភ្ជង់ ក្រុមក្មេងស្ទាវផ្សេងទៀត នៅចំណុចផ្លូវរថភ្លើង ម្តុំត្រឡោកបែក ផ្លូវលេខ៥៩៨ ។

ក្រោយទទួលបានសេចក្តីរាយការណ៍ នាយឧត្តមសេនីយ៍ សៅ សុខា បានដាក់បញ្ជាឲ្យកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចេញប្រតិបត្តិការ ចុះបង្ក្រាបក្មេងស្ទាវទាំងនោះជាបន្ទាន់ ពេលអាវុធហត្ថរាជធានីភ្នំពេញទៅដល់ មុខសួនធម្មជាតិផ្លូវ៥៩៨ ក៏បានឃើញអាវុធហត្ថលើផ្ទៃប្រទេសម្នាក់ រួមជាមួយប្រជាពលរដ្ឋ ឃាត់ខ្លួនជនសង្ស័យបានទាំង០២នាក់ និងដកហូតបាន អាវុធខ្លី០១ដើមម៉ាក ឡុក១៧ បាញ់គ្រាប់ឃ្លី មានបង់០១ គ្រាប់០៧គ្រាប់ ក៏ទទួលយកមកធ្វើការស៊ើបអង្កេតបន្ត។

ក្រោមវិធានការជំនាញ របស់អាវុធហត្ថរាជធានីភ្នំពេញជនសង្ស័យទាំង០២នាក់ មានឈ្មោះ ១.សែន ពន្លឺ អាយុ១៨ឆ្នាំ មុខរបរជានិស្សិត និង ២.តាំង សារ៉ារិទ្ធី អាយុ១៥ឆ្នាំ មុខរបរសិស្សសាលា បានសារភាពថា នៅថ្ងៃចាប់ខ្លួន រូបគេទាំង ០២នាក់ បានចេញពីហាងផឹកស៊ី ជិះម៉ូតូរកមើលឱកាស ធ្វើសកម្មភាពឆក់ និងភ្ជង់ប្លន់ ទូរស័ព្ទដៃព្រមទាំងសម្ភារៈមានតម្លៃ ពីប្រជាពលរដ្ឋអ្នកធ្វើដំណើរតាមផ្លូវ តែចៃដន្យទៅដល់រង្វង់មូលកាំកូស៊ីធី ស្រាប់តែឃើញ ក្រុមចោរឆក់មួយក្រុមផ្សេងទៀត មានគ្នា០៤ម៉ូតូ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះកំពុងជិះម៉ូតូតាមផ្លូវ ក្នុងតំបន់របស់ខ្លួន ទើបពួកគេទាំង០២នាក់ ដេញតាមវាយ និងដកកាំភ្លើងភ្ជង់ គម្រាមក្រុមចោរឆក់ទាំងនោះ កុំឲ្យរកស៊ីក្នុងតំបន់របស់ខ្លួន ហើយក្រុមចោរឆក់ទាំងនោះ ក៏បានរត់គេចខ្លួនទៅអស់ ស្រាប់តែមានរថយន្តសមត្ថកិច្ចអាវុធហត្ថ០១គ្រឿង មកស្ទាក់ម៉ូតូរបស់ខ្លួន និងមានប្រជាពលរដ្ឋ មកជួយផង រហូតវាយពួកខ្លួនទាំង០២នាក់បណ្តាលឲ្យរងរបួសជាដំណំ។

តាមរយៈការស៊ើបអង្កេតជាបន្តបន្ទាប់ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួន បក្ខពួកម្នាក់ទៀតឈ្មោះ មាន ធារ៉ា អាយុ១៦ឆ្នាំ មុខរបរជាសិស្សសាលា ដែលតែងធ្វើសកម្មភា ឆក់ប្លន់ជាមួយជនសង្ស័យទាំង០២នាក់ខាងលើ។

ឈ្មោះ តាំង សារ៉ារិទ្ធី បានសារភាពបន្ថែមថា កន្លងមកក្នុងឆ្នាំ២០១៧ រូបគេជាមួយបក្ខពួកបានធ្វើសកម្មភាពឆក់ និងភ្ជង់ប្លន់ យកទូរស័ព្ទដៃ ព្រមទាំងសម្ភារៈមានតម្លៃ ក្នុងតំបន់របស់ខ្លួនគឺខណ្ឌសែនសុខនិងខណ្ឌទួលគោក បានចំនួន២០លើក ដោយមានកាំភ្លើងខ្លី បាញ់គ្រាប់ឃ្លី ដែលពួកគេកុំម្មង់ទិញតាម អនឡាញ មកពីប្រទេសថៃទុកសម្រាប់ភ្ជង់ប្លន់ជនរងគ្រោះផងដែរ។

ជាមួយគ្នានេះ អាវុធហត្ថរាជធានីភ្នំពេញ ដកហូតបាន កាតឥនទានចំនួន០៣សន្លឹក និងលិខិតឆ្លងដែន(ប៉ាស្ព័រ) ចំនួន០២ច្បាប់ ឈ្មោះ សុខ ផល្លី ដែលជាសម្ភារៈរបស់ជនរងគ្រោះ ធ្លាប់ត្រូវបានក្រុមចោរទាំងនេះឆក់កន្លងមក។ ដូច្នេះសូមអំពាវនាវដល់ម្ចាស់កាតនិងប៉ាស្ព័រ មកទទួលយកសម្ភារៈខ្លួនទៅវិញ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ភ្នំពេញ ឬទំនាក់ទំនងតាមរយៈ ទូរស័ព្ទលេខ៖ 012 66 77 98 / 096 766 77 98 / 097 766 77 98 ៕