ពីរនាក់ឪពុកកូន គេចផុតពីឃាតករលាក់មុខទាំងតក់ស្លុត!

29

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្លូវ៦០ម៉ែត្រ ព្រំប្រទល់ភ្នំពេញនិងក្រុងតាខ្មៅ មានគ្រោះថ្នាក់ចរាចរមួយកើតឡើង រវាងរថយន្តកាម៉ារីបាឡែន(ម្ចាស់រត់បាត់) ជាមួយរថយន្តតាកូម៉ា(ជិះគ្នាពីរនាក់ឪពុកកូន) បណ្តាលឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលក្នុងនោះក្មេងប្រុសតូចម្នាក់បានប៉ះទង្គិចធ្ងន់ធ្ងរ បណ្តាលឲ្យសន្លប់ស្តូកស្តឹង។ ភ្លាមៗនោះផងដែរ កម្លាំង គ អន្តរាគមន៍របស់អាវុធហត្ថរាជធានីភ្នំពេញ ដែលឈរជើងរក្សាសណ្តាប់ធ្នាប់នៅក្បែរកន្លែង កើតហេតុ បានចូលទៅសង្គ្រោះឪពុកកូនទាំងពីរ ព្រមទាំងប្រញ៉ាប់ប្រញ៉ាល់ នាំក្មេងប្រុសទៅសង្គ្រោះនៅមន្ទីរពេទ្យប្រកបដោយការយកចិត្តទុកដាក់។ ក្រៅពីនោះ កម្លាំង គ អន្តរាគមន៍របស់អាវុធហត្ថរាជធានីភ្នំពេញ បាននាំគ្នាប្រម៉ែប្រមូលបំណែករថយន្ត និងបោសសំអាតកំទេចកំទីកញ្ចក់រថយន្ត ចេញពីផ្លូវថ្នល់ដើម្បី កុំឲ្យបង្កការរំខានដល់អ្នកដំណើរផ្សេងទៀត និង កុំឲ្យប៉ះពាល់សោភ័ណភាពផ្លូវថ្នល់។

គ្រោះថ្នាក់ចរាចរណ៍ត្រូវបានគេចាត់ទុកថា ជាឃាតករលាក់មុខដ៏សាហាវបំផុតគួរឲ្យភ័យខ្លាច ដោយបាន ធ្វើឲ្យមនុស្សជាច្រើននាក់ ត្រូវស្លាប់បាត់បង់ជីវិត ក៏ដូចជារងរបួសធ្ងន់ និងរងរបួសស្រាល ហើយរថយន្តនិង ម៉ូតូ រាប់រយពាន់គ្រឿង ក៏រងការខូចខាតផងដែរ ។ មានមូលហេតុ ជាច្រើន ដែលនៅតែធ្វើឲ្យគ្រោះថ្នាក់ចរាចរណ៍ ពុំមានការថយចុះ ជាពិសេស គឺការបំពានច្បាប់ចរាចរណ៍ មិនគោរពច្បាប់ចរាចរណ៍ បើកបរពេលស្រវឹង បើកបរបញ្ច្រាសទិស បើកជែងលើផ្លូវតូចចង្អៀត ហើយក៏មានបញ្ហា បច្ចេកទេសយានយន្តផងដែរ។

ដូច្នេះដើម្បី សុវត្តិភាពអាយុជីវិត របស់ខ្លួននៅលើដងផ្លូវ យើងទាំងអស់គ្នា ត្រូវគោរពច្បាប់ចរាចរណ៍ ដោយយកចិត្តទុកដាក់ ហើយត្រូវមានការយោគយល់អធ្យាស្រ័យគ្នាពេលបើកបរយានយន្ត។ ជាពិសេសការ ត្រួតពិនិត្យបច្ចេកទេស យានយន្តមុនពេលបើកបរ គឺជារឿងសំខាន់បំផុត ដើម្បីសុវត្ថិភាពនៅលើដងផ្លូវ ជាងនេះ ទៅទៀតមិនត្រូវបើកបរនៅពេលស្រវឹង ឬបើកជែងនៅលើផ្លូវតូចចង្អៀតនោះឡើយ ។ ការគោរពច្បាប់ចរាចរណ៍ និងការយោគយល់គ្នារវាងអ្នកបើកបរ គឺជាបញ្ហាដ៏សំខាន់បំផុត ដើម្បីកាត់បន្ថយគ្រោះ ថ្នាក់ ចរាចរណ៍ កាត់បន្ថយហានិភ័យ និងសោកនាដកម្មនៅលើដងផ្លូវ ៕