រាជធានីភ្នំពេញ ៖ ជាញឹកញាប់ អាវុធហត្ថរាជធានីភ្នំពេញ បានបំពេញភារកិច្ចស្នូលយ៉ាងមមាញឹក ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ទាំងការស្រាវជ្រាវបង្ក្រាបបទល្មើស ទាំងការការពារសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ ទាំងការសង្គ្រោះប្រជាពលរដ្ឋដែលជួបឧបទ្ទវហេតុផ្សេងៗ។
ក្រៅពីការបំពេញភារកិច្ចស្នូល ក្រុមការងាររបស់អាវុធហត្ថរាជធានីភ្នំពេញ នៅបានចុះជួយការងារសង្គមជាច្រើនដល់ មូលដ្ឋានប្រជាពលរដ្ឋផ្ទាល់ ជាក់ស្តែង នៅថ្ងៃច័ន្ទទី ២៦-១១-២០១៨ ក្រុមការងារគ្រូពេទ្យក្រោមឱវាទឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានចុះទៅដល់ផ្ទះអ្នកជំងឺម្នាក់ឈ្មោះ ស៊ឹម ពុន ភេទស្រី អាយុ៦០ឆ្នាំ រស់នៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ដែលមានបញ្ហាកន្ត្រាក់ដៃជើង និងបាត់បង់ស្មារតី ដើម្បីពិនិត្យនិងជូនគាត់ទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយឯកឧត្តម រ័ត្ន ស្រ៊ាង ជាអ្នកចំណាយជូនគាត់ ទាំងស្រុង។ ក្រោយពីការពិនិត្យរួចមក គ្រូពេទ្យបានចេញវេជ្ជបញ្ជាឲ្យអ្នកជម្ងឺប្រើប្រាស់ថ្នាំមួយរយៈសិន ដើម្បីតាមដានអាការ:រោគបន្ត បន្ទាប់មកក្រុមការងារគ្រូពេទ្យអាវុធហត្ថរាជធានីភ្នំពេញ បានជូនអ្នកជម្ងឺទៅដល់លំនៅដ្ឋានវិញ ហើយនិងរង់ចាំជួយជូនគាត់ទៅមកមន្ទីរពេទ្យ នៅថ្ងៃក្រោយបន្តទៀតតាមការណាត់ជួបរបស់គ្រូពេទ្យ ។ ការចុះទៅជួយពិនិត្យនិងជូនទៅព្យាបាលនេះ គឺក្រុមគ្រូពេទ្យរបស់អាវុធហត្ថរាជធានីភ្នំពេញ តែងតែចុះជាប់ជាបន្តបន្ទាប់ ក្នុងរយៈកាលកន្លងមក និងបានជួយដល់ពលរដ្ឋទន់ខ្សោយនិងទីទាល់ក្របានជាច្រើននាក់ផងដែរ ហើយសកម្មភាព របស់អាវុថហត្ថរាជធានីភ្នំពេញទាំងនេះ ក៏បានទទួលការគាំទ្រនិងសាទរពីប្រជាពលរដ្ឋក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ យ៉ាងពេញទំហឹងទៀតផង៕