មុខសញ្ញាចោរគាស់ផ្ទះយ៉ាងសកម្ម ០២នាក់ និងចោរលួចម៉ូតូ ០២នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ!

14

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរ ០៤នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បធ្វើការផ្តន្ទាទោសតាមច្បាប់។ ក្នុងចំណោមចោរ ០៤នាក់នេះ ០២នាក់ ជាមុខសញ្ញាចោរគាស់ផ្ទះយ៉ាងសកម្ម និង ០២នាក់ទៀត ជាចោរលួចម៉ូតូ ដោយបន្លំសំបុត្រផ្ញើម៉ូតូ។
០២នាក់ ដែលជាមុខសញ្ញាលួចគាស់ផ្ទះយ៉ាងសកម្មមាន៖

១/ ឈ្មោះ ចិត្ត ពេជ្រ ភេទប្រុស អាយុ ២៣ឆ្នាំ
២/ ឈ្មោះ ទូច កែវ ភេទប្រុស អាយុ ១៨ឆ្នាំ

ពូកគេទាំង ០២នាក់នេះ បានក្លាយជាចោរអស់ល័ក្ខបន្ទាប់ពីបានធ្វើសកម្មភាពលួចគាស់កកាយផ្ទះវីងវេលុយមួយកន្លែង កាលពីវេលាម៉ោង០១:០០នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុច ផ្លូវលេខ៦A ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ជាផ្ទះរបស់ជនរងគ្រោះឈ្មោះ ហ័រ ហុងស៊ាង ភេទប្រុស អាយុ ២២ឆ្នាំ។ ក្រោយពីធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិ និងសម្ភារៈមួយចំនួនពីផ្ទះរបស់ជនរងគ្រោះបានសម្រេចមិនទាន់មួយថ្ងៃផង ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ នៃរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ តាមវិធានការជំនាញ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង ០២នាក់ ខាងលើ កាលពីវេលាម៉ោង១០:៣០នាទីថ្ងៃដដែល យកមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការឃុំខ្លួនបណ្តោះអាសន្ន រងចាំធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមច្បាប់។

ក្រោមវិធានការជំនាញនៃការសាកសួរ របស់សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យឈ្មោះ ចិត្ត ពេជ្រ និងឈ្មោះ ទូច កែវ បានសារភាពឲ្យដឹងថា សកម្មភាពលួចគាស់ផ្ទះវីងវេលុយ របស់ជនរងគ្រោះ ឈ្មោះ ហ័រ ហុងស៊ាង គឺពួកខ្លួនពិតជាបានធ្វើសកម្មភាពប្រាកដមែន និងបានលួចយកទ្រព្យសម្បត្តិមួយចំនួនដូចជា៖ម៉ាស៊ីនវេលុយ ០១គ្រឿង ,ខោអាវចំនួន ០៣កំប្លេរ ,គណនីបញ្ញើសំចៃហត្ថាកសិករលីមីតធីតចំនួន ០១ ,កាតវីងចំនួន០២ ,ស៊ីមកាត Seatel មួយចំនួន ,នាឡិកា០១ និងសម្ភារៈវីងមួយចំនួនទៀត បន្ទាប់មកពួកគេបានយកសម្ភារៈដែលលួចបានយកទៅទុកនៅបន្ទប់ជួល ស្ថិតនៅភូមិខ្ទរ ហើយក៏បានចូលទៅដេកធម្មតា។ បន្ទាប់មកឈ្មោះ ចិត្ត ពេជ្រ បានយកខោដែលលួចបានទៅឲ្យ ឈ្មោះ ទូច កែវ យកទៅដូរយកថ្នាំញៀនជក់ពីឈ្មោះ អាម៉ី តែខណៈពេលដែលពួកខ្លួនរៀបចំជក់គ្រឿងញៀនស្រាប់តែមានសមត្ថកិច្ចអាវុធហត្ថចុះមកឃាត់ពួកខ្លួនតែម្តង។
សូមបញ្ជាក់ផងដែរថា ឈ្មោះ ចិត្ត ពេជ្រ កន្លងមកធ្លាប់ធ្វើសកម្មភាពលួចបានចំនួន ១០ដង និងធ្លាប់ប្រើប្រាស់គ្រឿងញៀនអស់រយៈពេលប្រហែល ០៧ឆ្នាំមកហើយ ដោយគ្រឿងញៀនដែលរូបគេទិញយកមកប្រើប្រាស់ គឺទិញពីឈ្មោះ ញ៉ា ភេទប្រុស នៅម្តុំពេទ្យលោកសង្ឃ ចំណែកឈ្មោះ ទូច កែវ ជាបក្សពួក ក៏ធ្លាប់បានធ្វើសកម្មភាពលួចគាស់ផ្ទះយកសម្ភារៈមានតម្លៃបានចំនួន ១៤លើកមកហើយដែល ហើយរូបគេធ្លាប់ធ្វើសកម្មភាពជាមួយបក្សពួកចំនួន ០៤នាក់ផ្សេងទៀត មានឈ្មោះ សិដ្ឋ ,ឈ្មោះ ជ្រុយ ,ឈ្មោះ ល័ក្ខ និងឈ្មោះ តើម ក្នុងនោះពួកគេធ្លាប់បានលួចគាស់ផ្ទះមួយកន្លែង បានទូរស័ព្ទចំនួន ១០គ្រឿង ហើយយកទៅលក់នៅម្តុំផ្សារពោធិចិនតុងបានប្រាក់ចំនួន ១ពាន់ដុល្លាអាមេរិក។

រីឯចោរលួចម៉ូតូ ០២នាក់ទៀតមាន៖

១/ ឈ្មោះ ជួប សំណាង ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ ជាអ្នកអនាម័យក្នុងស្តាតអូឡាំពិក
២/ ឈ្មោះ ឃឿន សុខយន ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ សន្តិសុខស្តាតអូឡាំពិក

រូបគេទាំង ០២នាក់នេះ ត្រូវកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករា ស្រាវជ្រាវ តាមវិធានការជំនាញរហូតឈានដល់ការឃាត់ខ្លួនបាន កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង០៨:២០នាទី នៅចំណុច កន្លែងផ្ញើម៉ូតូក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក(ច្រកចូលខាងត្បូង) សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ក្រោយពេលដែលពួកគេទាំង ០២នាក់ ផ្សំគំនិតគ្នា បន្លំសំបុត្រផ្ញើម៉ូតូ លួចបានម៉ូតូ ០១គ្រឿងម៉ាក ZOOMER X ពណ៍ស ស្លាកលេខ ភ្នំពេញ 1FY-9297 ក្នុងកន្លែងផ្ញើម៉ូតូក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង០៧:៥០នាទី។ រីឯជនរងគ្រោះ ឈ្មោះ អៀម ទិត្យតារារ័ត្ន ភេទប្រុស អាយុ ៤០ឆ្នាំ ជាអ្នកទទួលផ្ញើម៉ូតូ ក្រោយពេលដឹងថាម៉ូតូភ្ញៀវរបស់ខ្លួនដែលបានយកមកផ្ញើត្រូវចោរលួចបាត់ ក៏បានទៅដាក់ពាក្យបណ្តឹងនៅមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករា ដើម្បីជួយស្រាវជ្រាវ តាមវិធានការជំនាញរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង ០២នាក់តែម្តង។

ក្រោមវិធានការជំនាញនៃការសាកសួរ របស់មន្ត្រីជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រូបគេទាំង ០២នាក់ បានសារភាពប្រាប់ឲ្យដឹងថា ខ្លួនឈ្មោះ ជួប សំណាង និងឈ្មោះ ឃឿន សុខយន ពិតជាបានផ្សំគំនិតគ្នាលួចម៉ូតូ ខាងលើ ដោយចេតនាពិតប្រាកដមែន។ ហើយពួកគេបានបន្តទៀតថា ខ្លួនឈ្មោះ ជួប សំណាង បានទៅកន្លែងផ្ញើម៉ូតូនៅកន្លែងកើតហេតុ ខាងលើ ហើយបានសុំសំបុត្រ ០១សន្លឹក ពីអ្នកផ្ញើម៉ូតូ តែគេមិនឲ្យ ហើយខ្លួនក៏បានលួចយក ០១សន្លឹក បន្ទាប់មករូបគេក៏បានឲ្យសំបុត្រទៅក្មេងប្រុស ០១នាក់ អាយុប្រហែល ២០ឆ្នាំ(មិនស្គាល់អត្តសញ្ញាណ) ដែលជួបគ្នានៅម្តុំផ្សារដើមគរ ដោយប្រាប់ថា ឲ្យទៅយកម៉ូតូនៅកន្លែងផ្ញើម៉ូតូក្នុងស្តាតអូឡាំពិក ហើយបានកត់លេខទូរស័ព្ទដើម្បីទំនាក់ទំនងគ្នា។ ក្រោយមកក្មេងប្រុសនោះក៏បានទៅបណ្តើរម៉ូតូ ០១គ្រឿង ម៉ាក ZOOMER X ចេញពីកន្លែងផ្ញើម៉ូតូនោះ យកទៅបញ្ចាំបានតម្លៃ ៦០០ដុល្លាអាមេរិក ហើយពួកគេក៏ណាត់ជួបគ្នានៅម្តុំក្រោយវត្តមហាមន្រ្តី ហើយក្មេងប្រុសនោះបានឲ្យប្រាក់មកខ្លួនចំនួន ១៥ម៉ឺនរៀល ហើយរូបគេក៏បានយកប្រាក់នោះទៅឲ្យម្តាយរបស់គេ។ លុះវេលាម៉ោង០៩:៣០នាទី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ខ្លួនឈ្មោះ ជួប សំណាង បានចូលទៅស្តាតអូឡាំពិក ក៏ត្រូវបានសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួនបានតែម្តង រួម និងឈ្មោះ ឃឿន សុខយន ផងដែរដែលជាអ្នករូមគំនិតលួចម៉ូតូខាងលើ៕