ប្រាក់ ១លាន១សែន៣ម៉ឺនដុល្លារ(១,១៣០,០០០$) ខាតបង់ក្រោមឯកសារផ្លូវច្បាប់ក្លែងបន្លំ!

15

ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញមុខ អំពាវនាវដល់មហាជន សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះល្បិចកល់ជនខិលខូច ក្នុងសម័យទំនើប បន្ទាប់ពីអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ក្រាបករណីឆបោក ០២ករណីផ្ទួនៗគ្នា ដែលធ្វើឲ្យជនរងគ្រោះបានខាតបង់ប្រាក់ជាង១លានដុល្លារ និងប្រកាសស្វែងរកចាប់ខ្លួនជនសង្ស័យ០៦នាក់។ ចង់ដឹងព័ត៌មានច្បាស់ សូមពិនិត្យករណី ដែលអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបាន ដូចខាងក្រោម៖

នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលពាក្យបណ្តឹងពី ជនរងគ្រោះម្នាក់ សុំមិនបញ្ចេញអត្តសញ្ញាណ បានប្តឹងពីជនសង្ស័យ០៨នាក់ ដែលបានរៀបគម្រោងឆបោកជាប្រព័ន្ធ មកលើរូបគាត់ រហូតធ្វើឲ្យខាតបង់ប្រាក់អស់ចំនួន ៨៣ម៉ឺនដុល្លារ ដោយជនរងគ្រោះបានរៀបរាប់ថា៖
– ក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៧ មានបុរសម្នាក់ឈ្មោះ ប្រុស ម៉ៅ បានទំនាក់ទំនងគាត់ ឲ្យជួយលក់ដីមួយកន្លែងទំហំ ៥៨០ម៉ែត្រការ៉េ ដែលមានវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុលេខ 12040808-0033 ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ ចេញដោយមន្ទីរសុរិយោដីត្រឹមត្រូវ មានទីតាំងនៅភូមិ៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានី ភ្នំពេញ លក់ក្នុងតម្លៃទាបជាងទីផ្សារ។ ក្រោយពេលទទួលបានព័ត៌មាន ជនរងគ្រោះ បានឲ្យក្រុមការងារចុះទៅ ជួបជាមួយម្ចាស់ដីឈ្មោះផាន ដើម្បីពិនិត្យប្លង់ដី និងផ្ទៀងផ្ទាត់អត្តសញ្ញាណម្ចាស់កម្មសិទ្ធិករ អត្តសញ្ញាណប័ណ្ណ និង សៀវភៅគ្រួសារ ឃើញថាមានភាពត្រឹមត្រូវទាំងអស់ ទើបជនរងគ្រោះ បានសម្រេចចិត្តទិញដីនោះ ដោយ ខ្លួនឯង និងបានកក់ប្រាក់លើកទី១ចំនួន១៥ម៉ឺនដុល្លារ, លើកទី២ ចំនួន១០ម៉ឺនដុល្លារ និងលើកទី៣ ចំនួន១៥ម៉ឺនដុល្លារ សរុបចំនួន៤០ម៉ឺនដុល្លារ។ ក្នុងអំឡុងពេលដំណើរការផ្ទេរកម្មសិទ្ធិ ក្រុមជនសង្ស័យខាងលើបានណែនាំម្ចាស់ដី០៣ក្រុម ផ្សេងទៀត មកជួបជាមួយជនរងគ្រោះ ដើម្បីឲ្យជួយទិញដី ក្នុងនោះរួមមាន៖
– នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ជនរងគ្រោះបានកក់ប្រាក់ចំនួន១៥ម៉ឺនដុល្លារ ដើម្បីទិញដីមួយប្លង់ ទំហំ២៨៤៩ ម៉ែត្រការ៉េ មានឯកសារគ្រប់គ្រាន់ និងមានវិញ្ញាបនបត្រសម្គាល់អចលនវត្ថុលេខ 12051008-0071 ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១១ ចេញដោយមន្ទីរសុរិយោដីត្រឹមត្រូវ មានទីតាំងនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
– នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ ជនរងគ្រោះបានកក់ប្រាក់ចំនួន១៨ម៉ឺនដុល្លារ ដើម្បីទិញដីមួយប្លង់ ទំហំ៤០៩ ម៉ែត្រការ៉េ មានឯកសារគ្រប់គ្រាន់ និងមានវិញ្ញាបនបត្រសម្គាល់អចលនវត្ថុលេខ 12080102-0474 ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១២ ចេញដោយមន្ទីរសុរិយោដីត្រឹមត្រូវ មានទីតាំងនៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
– នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ជនរងគ្រោះបានកក់ប្រាក់ចំនួន១០ម៉ឺនដុល្លារ ដើម្បីទិញដីមួយប្លង់ ទំហំ៦១៥៥ ម៉ែត្រការ៉េ មានឯកសារគ្រប់គ្រាន់ និងមានវិញ្ញាបនបត្រសម្គាល់អចលនវត្ថុលេខ 12050605-0285 ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១០ ចេញដោយមន្ទីរសុរិយោដីត្រឹមត្រូវ មានទីតាំងនៅភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

លុះក្រោយមក ឯកសារផ្ទេរកម្មសិទ្ធិដីទី១ ដែលជនរងគ្រោះកំពុងដំណើរការ ត្រូវបានភូមិបាលខណ្ឌទួលគោក រកឃើញថា ជាប្លង់ដីក្លែងក្លាយ ជនរងគ្រោះក៏ទំនាក់ទំនងទៅម្ចាស់ដីនោះវិញ តែមិនអាចទំនាក់ទំនងបាន ទើបជនរងគ្រោះដឹងថារូបគាត់ត្រូវបានជនសង្ស័យខាងលើបោកប្រាស់។ ខណៈនោះ ជនរងគ្រោះ នឹកឃើញថា គាត់នៅមានដី០៣ប្លង់ផ្សេងទៀត ដែលគាត់កំពុងរត់ឯកសារទិញជាបន្តបន្ទាប់ តាមរយៈការចង្អុលបង្ហាញ ពីក្រុមជនសង្ស័យខាងលើ គាត់ក៏សើរើយកមកពិនិត្យឡើងវិញ ទើបដឹងថាសុទ្ធតែជាឯកសារ ក្លែងក្លាយទាំងអស់ ហើយម្ចាស់ដីទាំងនោះ ក៏មិនអាចទំនាក់ទំនងបានទៀតដែរ ។ នៅទីបំផុតជនរងគ្រោះ ត្រូវខាតបង់ប្រាក់អស់ចំនួន៨៣ម៉ឺនដុល្លារ ក្នុងការទិញដី ក្រោមឯកសារផ្លូវច្បាប់ក្លែងបន្លំ ដែលជនរងគ្រោះនឹកស្មានមិនដល់ ទើបជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ។
ក្នុងករណីនេះ អាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ កសាងសំណុំរឿងបញ្ជូន ទៅតុលាការ ក្នុងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ និង បានរកឃើញថាក្រុមនេះ ក៏ជាប់ពាក់ព័ន្ធជាមួយ ជនសង្ស័យ០៣នាក់ ដែលបានឆបោកដោយប្រើរូបមន្តតែមួយ ធ្វើឲ្យជនរងគ្រោះផ្សេងទៀតខាតបង់ប្រាក់អស់៣០ម៉ឺនដុល្លារ ហើយត្រូវបានអាវុធហត្ថរាជធានីភ្នំពេញទើបតែបង្ក្រាបបានកាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ ។ ក្រៅពីនេះនៅមាន ជនជាប់ពាក់ព័ន្ធចំនួន ០៦នាក់ផ្សេងទៀត ដែលអាវុធហត្ថរាជធានីភ្នំពេញ កំពុងស្នើសុំដីកាស្វែងរកចាប់ខ្លួនពីតុលាការ។ តាមព័ត៌មានរបស់អាវុធហត្ថរាជធានីភ្នំពេញទទួលបាន ចំពោះករណីឆបោកដូចគ្នានេះ គឺកំពុងកើតមានជាច្រើនផ្សេងទៀត ដូច្នេះសូមមហាជនទាំងអស់ មុននឹងទទួលទិញអចលនៈទ្រព្យ ចូរបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត។

ជនសង្ស័យ០៤នាក់ ដែលអាវុធហត្ថរាជធានីភ្នំពេញទើបតែឃាត់ខ្លួនបាននិងបញ្ជូនទៅតុលាការ ក្នុងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ រួមមាន៖
១- ឈ្មោះ ធូ សុភ័ក្រ ហៅ ឡាយ ថាវី ហៅ ស្រីនាង ភេទស្រី កើតឆ្នាំ១៩៨៤
២- ឈ្មោះ រើន សារាន់នី ភេទប្រុស ឆ្នាំកំណើត១៩៨៦
៣- ឈ្មោះ ណម ង៉ែត ភេទស្រី ឆ្នាំកំណើត១៩៦៩
៤- ឈ្មោះ ព្រំ ខន ភេទប្រុស ឆ្នាំកំណើត១៩៥០

ជនសង្ស័យ០៣នាក់ ដែលអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបបានកាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ រួមមាន៖
១- ឈ្មោះ ខេង វាសនា ភេទប្រុស ឆ្នាំកំណើត១៩៨០
២- ឈ្មោះ ឈឹម សំអ៊ន់ ភេទប្រុស ឆ្នាំកំណើត១៩៧៥
៣- ឈ្មោះ កេន ស្រី ភេទស្រី ឆ្នាំកំណើត១៩៩២

រីឯជនសង្ស័យដែលសមត្ថកិច្ចស្វែងរកចាប់ខ្លួនរួមមាន៖ ឈ្មោះង៉ា ភេទប្រុស, ឈ្មោះណា ភេទស្រី, ឈ្មោះផាន ភេទប្រុស, ឈ្មោះដា ភេទស្រី, ឈ្មោះលីម ភេទប្រុស និងឈ្មោះឡេង ភេទស្រី ដោយមានរូបភាពភ្ជាប់ជាមួយ។
ដូច្នេះ បើបងប្អូនណា បានស្គាល់និងមានដំណឹងពីជនសង្ស័យដូចបានបង្ហាញក្នុងរូបភាពខាងក្រោម សូមរាយការណ៍មក សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទ ០១៧ ៨១ ៨១ ៧១ នោះជនរងគ្រោះ ដែលជាម្ចាស់ដី នឹងមានសាគុណជូន៕